សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា តំបន់អរិក្សត្រ ជាពិសេសតំបន់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុបបានប្រែក្លាយពីកន្លែងដុះស្មៅ នឹងក្លាយទៅជាទីកន្លែងដុះលាស់ផ្នែកសេដ្ឋកិច្ច ពោលគឺមានហេដ្ឋារចនាសម្ព័ន្ធ និងអគារខ្ពស់ៗជាច្រើនទៀត នាពេលខាងមុខ និងបង្កើតការងារជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នេះ កាន់តែច្រើនបន្ថែមទៀតផងដែរ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា តំបន់អរិយក្សត្រនឹងមានភាពរីកចម្រើនដូចខាងលិចទន្លេ ដោយនឹងមានហេដ្ឋារចនាសម្ព័ន្ធកាន់តែស្អាតងាយស្រួលធ្វើដំណើរ និងអគារខ្ពស់ៗជាច្រើនទៀត រួមទាំងមានស្ពានងាយស្រួលឆ្លងកាត់ផងដែរ។
មួយវិញទៀតសម្តេចបានជឿជាក់ថា ក្រោយស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីភ្នំពេញទៅអរិក្សត្រសាងសង់រួចជាស្ថាពរ នឹងធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់អរិយក្សត្រ និងប្រជាពលរដ្ឋខ្មែរនៅតំបន់ផ្សេងៗ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងមានភាពងាយ ស្រួលក្នុងការធ្វើដំណើរឆ្លងកាត់បានយ៉ាងលឿនផងដែរ។
សម្តេចធិបតី ក៏បានលើកឡើងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមភូមិសាស្រ្ត ដូចជាតំបន់អរិក្សត្រនេះជាដើម មិនត្រឹមតែជួយសម្រួលដល់ភាពងាយស្រួលក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនៅនឹងកន្លែងនេះប៉ុណ្ណោះទេ ថែមទាំងបានតភ្ជាប់ទៅកាន់តំបន់ផ្សេងៗផងដែរដូចជាការតភ្ជាប់ជាមួយកោះនរា និងត្រើយខាងលិចនៃទន្លេជាដើម។
សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរថា ការសាងសង់នូវទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាលនាពេលនេះ គឺជាការអភិវឌ្ឍដ៏ត្រឹមត្រូវ និងជាការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរដែលចង់បានគេហដ្ឋានស្នាក់នៅប្រកបដោយភាពងាយស្រួល ហើយសម្តេច ក៏បានថ្លែងកោតសរសើរដល់ក្រុមហ៊ុនផងដែរថា ការសាងសង់ក្នុងចំណោមទំហំដីជាង ២០០ហិកតា ដោយក្រុមហ៊ុនបានចំណាយដី១ភាគ៣ សម្រាប់ធ្វើផ្លូវសម្រាប់សាធារណៈគឺពិតជាត្រឹមត្រូវ ហើយសម្តេចសូមប្រកាសគាំទ្រចំពោះគម្រោងបែបនេះ៕អត្ថបទបាន ចក់


