លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump បាននិយាយកាលពីថ្ងៃចន្ទថាលោកមានការពិភាក្សាដ៏ល្អជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu អំពីសង្គ្រាមនៅហ្កាហ្សា ហើយបានអះអាងជាថ្មីនូវការគំរាមកំហែងរបស់លោកថា អ្វីៗនឹងធ្ងន់ធ្ងរ ប្រសិនបើក្រុមហាម៉ាសមិនដោះលែងចំណាប់ខ្មាំងត្រឹមថ្ងៃទី២០ ខែមករា ជាថ្ងៃដែលលោកTrump ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។

លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅរមណីយដ្ឋានឆ្នេរសមុទ្រ Palm Beach រដ្ឋ Florida ថាដូចដែលអ្នកបានដឹងហើយថា ខ្ញុំបានព្រមានថា ប្រសិនបើចំណាប់ខ្មាំងទាំងនោះមិនត្រលប់មកផ្ទះវិញនៅថ្ងៃនោះទេ រឿងអាក្រក់ទាំងអស់នឹងកើតឡើង។

ក្រោយមក លោក Trump បានបន្ថែមថា ប្រសិនបើគ្មានកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានសម្រេចនៅពេលដែលលោកចូលកាន់តំណែង នោះនឹងមិនមែនជារឿងល្អឡើយ។

ចំណាប់ខ្មាំងជាង១០០នាក់ត្រូវបានដោះលែងតាមរយៈការចរចា ឬប្រតិបត្តិការជួយសង្គ្រោះយោធាអ៊ីស្រាអែល។ ចំណែក១០០នាក់ទៀត នៅតែត្រូវបានឃុំខ្លួននៅដែនដីហ្កាហ្សា ក្នុងនោះប្រហែលពាក់កណ្តាលត្រូវបានគេជឿថានៅមានជីវិត។
លោកប្រធានាធិបតី Joe Biden ថ្មីៗនេះបានបញ្ជូនក្រុមជំនួយការជាន់ខ្ពស់បន្ថែមទៀតទៅកាន់តំបន់ហ្កាហ្សា ដើម្បីព្យាយាម និងធានាបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ដែលស្វែងរកជាយូរមកហើយ៕