ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhap) បានរាយការណ៍ថា អាជ្ញាធរកូរ៉េខាងត្បូង បានធ្វើការប៉ុនប៉ងថ្មីមួយនៅថ្ងៃអង្គារ (១៧ ធ្នូ) នេះ ដើម្បីឆែកឆេរការិយាល័យលោកប្រធានាធិបតី Yoon Suk Yeol និងដើម្បីរកភស្តុតាង ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើភាពស្របច្បាប់ នៃក្រឹត្យច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក។

គួរបញ្ជាក់ថា លោក Yoon ត្រូវបានចោទប្រកាន់ទម្លាក់តំណែងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ជុំវិញក្រឹត្យច្បាប់អាជ្ញាសឹកនេះ ហើយត្រូវបានផ្អាកពីតួនាទីប្រធានាធិបតីរបស់ខ្លួន។

សេចក្ដីរាយការណ៍របស់ Yonhap បានលើកឡើងដោយសម្អាងដល់ក្រុមស៊ើបអង្កេតថា ក្រុមស៊ើបអង្កេតរួមគ្នា ដែលមានទាំងនគរបាល និងការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) កំពុងព្យាយាមចូលឆែកទិន្នន័យពីម៉ាស៊ីនមេកុំព្យូទ័ររបស់សេវាសន្តិសុខនៃការិយាល័យប្រធានាធិបតី ដើម្បីទទួលបានទិន្នន័យថតទុកពីការសន្ទនាតាមទូរសព្ទមួយចំនួន រួមទាំងទិន្នន័យដែលប្រើដោយស្នងការនគរបាល។

នេះជាលើកទីពីរហើយដែលអាជ្ញាធរកូរ៉េខាងត្បុង បានព្យាយាមឆ្មក់ឆែកឆេរបែបនេះលើការិយាល័យប្រធានាធិបតី ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ដែលត្រូវបានលុបចោលវិញក្នុងប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីមានការជំទាស់របស់សភា។ ការប៉ុនប៉ងលើកមុនកាលពីថ្ងៃទី១១ ខែធ្នូ បានបញ្ចប់ដោយមិនជោគជ័យ ព្រោះមិនអាចចូលអគារធំបាន ប៉ុន្តែការិយាល័យប្រធានាធិបតីបានបញ្ជូនទិន្នន័យមួយចំនួនដោយស្ម័គ្រចិត្ត។
នគរបាល និងការិយាល័យប្រធានាធិបតីមិនទាន់ចេញធ្វើការអត្ថាធិប្បាយភ្លាមៗទេ៕