សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញលើកទឹកចិត្តដល់វិស័យឯកជនឱ្យរួមគ្នាជួយអភិវឌ្ឍន៍តំបន់ភាគខាងកើតដងទន្លេមេគង្គ ដើម្បីឱ្យមានការរីកលូតលាស់ដូចតំបន់ភាគខាងលិច ទន្លេផងដែរ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ទីក្រុង មេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ស្ថិតនៅក្រុងអរិយក្សត្រ នាព្រឹកថ្ងៃទី១៧ ខែធ្នូ នេះ បានថ្លែងថា ការចូលរួមអភិវឌ្ឍន៍តំបន់ភាគខាងកើតទន្លេមេគង្គ តាមរយៈកសាងហេដ្ឋារចនាសម្ព័ន្ធនានា នឹងជួយធ្វើឱ្យតំបន់នេះ មានការរីកចម្រើន លើកស្ទួយជីវភាពប្រជាពលរដ្ឋ ដើម្បីជំរុញតំបន់នេះឱ្យមើលទៅស្រស់ស្អាតដូចតំបន់ខាងលិចដែរ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តវិស័យឯកជននានា ជួយជំរុញឱ្យមានការអភិវឌ្ឍរីក ចម្រើនតំបន់ភាគខាងកើត ដែលនឹងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយគម្លាតសេដ្ឋកិច្ច និង គម្លាតនៃការរស់នៅជាមួយភាគខាងលិច ៕អត្ថបទ៖ នីតា




