ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កំពុងតែបង្កើនការរំពឹងកាន់តែខ្លាំងពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធឡើងវិញ ខណៈប្រមុខការទូតចិន បានលើកឡើងនៅថ្ងៃអង្គារ (១៧ ធ្នូ) នេះថា ទីក្រុងប៉េកាំងសង្ឃឹមថារដ្ឋបាលអាមេរិកថ្មីរបស់លោក Donald Trump នឹង "រើសជម្រើសត្រឹមត្រូវ" និងធ្វើការជាមួយទីក្រុងប៉េកាំង ប៉ុន្មានម៉ោងប៉ុណ្នោះបន្ទាប់ពីលោក Trump បានប្រាប់អ្នកសារព័ត៌មានថា ជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យទំនាក់ទំនងរបស់លោក ជាមួយ "មិត្តសម្លាញ់" គឺលោកប្រធានាធិបតី Xi Jinping កាន់តែតានតឹង។

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់វេទិកាមួយក្នុងទីក្រុងប៉េកាំងថា "យើងសង្ឃឹមថារដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក នឹងបង្កើតជម្រើសដ៏ត្រឹមត្រូវ ហើយធ្វើការជាមួយចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក លុបបំបាត់ការរំខាន និងជំនះឧបសគ្គនានា"។

នៅប៉ុន្មានម៉ោងមុនការលើកឡើងនេះ លោក Trump បានប្រាប់សន្និសីទសារព័ត៌មានលើកដំបូងរបស់ខ្លួនក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោតថា លោកប្រធានាធិបតីចិន Xi Jinping គឺជាមិត្តសម្លាញ់របស់លោក ហើយថា "លោក Xi គឺជាមេដឹកនាំដ៏អស្ចារ្យមួយរូប" ប៉ុន្តែទំនាក់ទំនងរវាងភាគីទាំងពីរមានភាពរង្គោះរង្គើរបន្តិចបន្តួច។
មហាអំណាចទាំងពីរនេះបាននឹងកំពុងប្រឹងប្រែងស្ដារទំនាក់ទំនង និងកំណត់ជំហររបស់ពួកគេនៅមុនការវិលត្រឡប់ទៅកាន់សេតវិមានរបស់លោក Trump ៕