ប្រភពចំនួន៤ បានប្រាប់សារព័ត៌មានរ៉យទ័រថា ទូរដែកធនាគារកណ្តាលរបស់ប្រទេសស៊ីរី បានរក្សាទុកទុនបម្រុងជាមាសក្នុងចំនួនជិត ២៦តោន ដែលជាតួលេខដូចគ្នានៅដើមសង្រ្គាមស៊ីវិលដ៏បង្ហូរឈាមក្នុងឆ្នាំ២០១១ ទោះបីជាបន្ទាប់ពីការដួលរលំដ៏វឹកវរនៃរបបលោក Bashar al-Assad ក៏ដោយ ប៉ុន្តែប្រទេសនេះ មានទុនបម្រុងជារូបិយប័ណ្ណបរទេសតិចតួចប៉ុណ្ណោះ។

ទុនបម្រុងមាសរបស់ស៊ីរី ស្ថិតនៅតួលេខ ២៥,៨ តោនក្នុងខែមិថុនា ឆ្នាំ២០១១ នេះបើតាមក្រុមប្រឹក្សាមាសពិភពលោក ដែលសម្អាងដល់ប្រភពទិន្នន័យធនាគារកណ្តាលស៊ីរី។ តួលេខនោះមានតម្លៃ ២,២ពាន់លានដុល្លារអាមេរិក តាមតម្លៃទីផ្សារបច្ចុប្បន្ន នេះបើតាមការគណនារបស់សារព័ត៌មានរ៉យទ័រ។

ប្រភពមួយបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ ទុនបម្រុងជាប្រាក់បរទេសរបស់ធនាគារកណ្តាលនេះ មានចំនួនត្រឹមតែប្រហែល ២០០លានដុល្លារជាសាច់ប្រាក់ប៉ុណ្ណោះ ខណៈប្រភពមួយទៀតនិយាយថា ទុនបម្រុងជាប្រាក់ដុល្លារអាមេរិក ស្ថិតក្នុងតួលេខ "រាប់រយលានដុល្លារ"។

ទោះបីជាទុនបម្រុងទាំងអស់មិនចាំបាច់ត្រូវតែជាសាច់ប្រាក់ក៏ដោយ ប៉ុន្តែការធ្លាក់ចុះនេះគឺច្រើនខ្លាំងបើធៀបនឹងមុនពេលសង្រ្គាម។ នៅចុងឆ្នាំ២០១១ ធនាគារកណ្តាលស៊ីរី បានរាយការណ៍ថាខ្លួនមានទុនបម្រុងជាប្រាក់បរទេសចំនួនដល់ទៅ ១៤ពាន់លានដុល្លារ នេះបើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ IMF។ ក្នុងឆ្នាំ២០១០ មូលនិធិ IMF បានប៉ាន់ប្រមាណថា ទុនបម្រុងនៃប្រាក់បរទេសរបស់ស៊ីរី មានចំនួន ១៨,៥ពាន់លានដុល្លារ៕