ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បាននិយាយថា រដ្ឋអាជ្ញាកូរ៉េខាងត្បូង នៅថ្ងៃអង្គារ (១៧ ធ្នូ) នេះបានប្រាប់លោកប្រធានាធិបតី Yoon Suk Yeol ថាត្រូវបង្ហាញខ្លួននៅចុងសប្តាហ៍នេះសម្រាប់ការសាកសួរ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់លោក ឬមិនដូច្នេះទេលោកអាចនឹងប្រឈមនឹងការចាប់ខ្លួន។

លោក Yoon ដែលត្រូវបានផ្អាកពីតំណែងដោយសភាកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន កំពុងរងការស៊ើបអង្កេតលើបទចោទប្រកាន់បះបោរដោយរដ្ឋអាជ្ញាកូរ៉េខាងត្បូង និងក្រុមចម្រុះនៃនគរបាល ក្រសួងការពារជាតិ និងអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយ។

សារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ដោយដកស្រង់សម្តីរបស់រដ្ឋអាជ្ញាថា នៅថ្ងៃអង្គារនេះ រដ្ឋអាជ្ញាបានជូនដំណឹងទៅលោក Yoon ថាឱ្យបង្ហាញខ្លួនក្នុងការសួរនាំ ជុំវិញច្បាប់អាជ្ញាសឹករបស់លោក នៅម៉ោង ១០ព្រឹក (ម៉ោងក្នុងស្រុក) ក្នុងថ្ងៃសៅរ៍ (២១ ធ្នូ) ចុងសប្ដាហ៍នេះ បើមិនដូច្នេះទេលោកអាចនឹងប្រឈមនឹងដីកាចាប់ខ្លួន។

មន្ត្រីម្នាក់បានប្រាប់អ្នកយកព័ត៌មានថា ការិយាល័យរដ្ឋអាជ្ញាធ្លាប់បានស្នើលោកប្រធានាធិបតី Yoon ឱ្យបង្ហាញខ្លួនក្នុងការសួរនាំរបស់ក្រុមស៊ើបអង្កេតនៅថ្ងៃពុធ (១៨ ធ្នូ) ស្អែកនេះ ប៉ុន្តែត្រូវបានបដិសេធដោយការិយាល័យរបស់លោក។
លោក Yoon និងក្រុមផ្ទៃក្នុងរបស់លោកមួយចំនួន អាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ឬអាចរងការកាត់ទោសប្រហារជីវិត ប្រសិនបើរកឃើញថាមានកំហុស។ មេដឹកនាំកូរ៉េខាងត្បូងរូបនេះនៅតែស្ថិតនៅក្រោមបម្រាមធ្វើដំណើរ៕