ប្រមុខទីក្រុងតៃប៉ិ របស់កោះតៃវ៉ាន់ បានប្រាប់មន្ត្រីចិន ដែលកំពុងបំពេញទស្សនកិច្ចដ៏កម្រនៅថ្ងៃអង្គារ (១៧ ធ្នូ) នេះថា ខ្លួនសង្ឃឹមថានឹងមានសន្តិភាព បន្ធូរបន្ថយភាពតានតឹង និងចង់បាន "នាវា និងយន្តហោះច្បាំង" ឱ្យកាន់តែតិចនៅជុំវិញកោះនេះ ដោយនិយាយថា ការសន្ទនានឹងលុបបំបាត់ការប្រឈមមុខដាក់គ្នា។

ប្រទេសចិន ដែលចាត់ទុកកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន បានបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងទៅក្បែរកោះនេះស្ទើរតែរាល់ថ្ងៃ ហើយបានធ្វើសកម្មភាពយោធាទ្រង់ទ្រាយធំថ្មីមួយកាលពីសប្តាហ៍មុន។

ថ្លែងទៅកាន់វេទិកាតៃប៉ិ-សៀងហៃប្រចាំឆ្នាំ ដែលមានវត្តមានអភិបាលរងក្រុងសៀងហៃ ប្រមុខទីក្រុងតៃប៉ិ លោក ឈាំង វ៉ាន់អាន (Chiang Wan-an) បានប្រើភាសាកំណាព្យដើម្បីសន្តិភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ថា "និយាយកាន់តែច្រើន ឈ្លោះកាន់តែតិច - ដើមឈើសន្តិភាពកាន់តែច្រើន ផ្លែផ្កាជម្លោះកាន់តែតិច"។

លោក ឈាំង មកពីបក្សប្រឆាំងដ៏ធំរបស់តៃវ៉ាន់ ដែលចង់មានទំនាក់ទំនងជិតស្និទ្ធនៅទូទាំងច្រកសមុទ្រហើយលោកត្រូវបានគេចាត់ទុកថាជាគូប្រជែងដ៏មានឥទ្ធិពលសម្រាប់តំណែងមេដឹកនាំកោះនាពេលអនាគត៕