បាល់ទាត់៖ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំនៅតែប្រកាសជំហរចាស់គឺការប្រកួតប្រជែង ដើម្បីការអភិវឌ្ឍន៍ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដដែល ទោះបីត្រូវធ្លាក់ទៅលេងលីគទី២ កម្ពុជានារដូវកាលឆ្នាំ២០២១ ក៏ដោយ។
លោក អ៊ុក រីណា តំណាងក្រុមយុវជនស្ថិតក្រោមការគ្រប់គ្រង របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះបានបញ្ជាក់ប្រាប់ BTV-News ថា ទោះបីត្រូវធ្លាក់ទៅលេងលីគទី២ ក៏អត់អីដែរ សំខាន់ក្រុមខ្លួនផ្ដោតលើការអភិវឌ្ឍន៍ក្នុងនាមក្រុមយុវជន ដើម្បីត្រៀមស៊ីហ្គេមនៅកម្ពុជា។
ការប្រកួតបែបនេះបន្ទាប់ពីក្រុមយុវជន U18 បាទី បានបញ្ចប់ការប្រកួតលីគកំពូលកម្ពុជាឆ្នាំ២០២០ ដោយឈរបាតតារាង និងរកបានត្រឹម ៧ពិន្ទុប៉ុណ្ណោះ ដែលនាំឲ្យពួកគេធ្លាក់ទៅលេងលីគទី២ កម្ពុជាឆ្នាំ២០២១។ តែមុននឹងរបូតកៅអីលីគកំពូល ពួកគេក៏ទទួលបានពានរង្វាន់លើកទឹកចិត្តដ៏ពិសេសមួយដែរ គឺការឈ្នះពានរង្វាន់ Fair-Play ក្នុងលីគកំពូលកម្ពុជាឆ្នាំ២០២០៕
អត្ថបទ៖ លី ឈុនឡា
