ក្រុមហ៊ួទីនៅរបស់ប្រទេសយេម៉ែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ពួកគេបានបាញ់ «មីស៊ីលល្បឿនលឿនជាងសំឡើង» ឆ្ពោះទៅរកអ៊ីស្រាអែល ដោយវាយប្រហារគោលដៅយោធា នៅក្នុងទីក្រុងតែលអាវីវ (Tel Aviv) ។

អ្នកនាំពាក្យយោធាហ៊ួទីលោក Yahya Sarea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖« «ដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប (Gaza Strip) យើងបានធ្វើប្រតិបត្តិការយោធាមួយសំដៅលើគោលដៅយោធារបស់សត្រូវអ៊ីស្រាអែល នៅក្នុងតំបន់ Jaffa ដោយមីស៊ីលបាលីស្ទីកល្បឿនលឿនជាងសំឡេង»។

លោកបានអះអាងថា៖ «ប្រតិបត្តិការនេះ បានសម្រេចគោលដៅ ដោយជោគជ័យ។
លោកបាននិយាយថា ក្រុមហ៊ួទី«នឹងបន្តប្រតិបត្តិការយោធាបន្ថែមទៀតប្រឆាំងនឹងអ៊ីស្រាអែល» ដោយបានបន្ថែមថា៖«ប្រតិបត្តិការទាំងនេះ នឹងមិនបញ្ឈប់ទេ រហូតដល់ការឈ្លានពានលើតំបន់ហ្កាហ្សា ត្រូវបានបញ្ឈប់ ហើយការឡោមព័ទ្ធ ត្រូវបានដកចេញទាំងស្រុង។
នៅព្រឹកថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា សំឡេងស៊ីរ៉ែន បានបន្លឺឡើង នៅក្នុងទីក្រុងតែលអាវីវ បន្ទាប់ពីគ្រាប់រ៉ូកែតមួយគ្រាប់ ត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន។
កាលពីថ្ងៃចន្ទផងដែរ ប្រភពយោធាពីររបស់រដ្ឋាភិបាលយេម៉ែន បានប្រាប់សារព័ត៌មានស៊ីនហួថា កងកម្លាំងចម្រុះអាមេរិក-អង់គ្លេស បានវាយប្រហារមីស៊ីលទៅលើទីតាំងជើងទម្របាញ់រ៉ូកែតចល័តរបស់ ក្រុមហ៊ួទី នៅតំបន់ Bahis ក្នុងខេត្ត Hajjah ភាគពាយ័ព្យនៃប្រទេសយេម៉ែន ក្បែរសមុទ្រ ក្រហម។