អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei កាលពីថ្ងៃចន្ទន បានថ្កោលទោសការបន្តការវាយប្រហារយ៉ាងព្រៃផ្សៃរបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា និងការវាយប្រហារតាមអាកាស ដោយសហរដ្ឋអាមេរិក និងអង់គ្លេស ទៅលើប្រទេសយេម៉ែន។
ខណៈពេលដែលប្រតិកម្មទៅនឹងការវាយប្រហារតាមអាកាសបន្តរបស់អ៊ីស្រាអែល នៅទូទាំងហ្កាហ្សាស្ទ្រីប (Gaza Strip) លោក Baghaei បានរិះគន់«អសកម្ម»នៃស្ថាប័នអន្តរជាតិក្នុងប្រឈមនឹងការប្រល័យពូជសាសន៍ជាបន្តបន្ទាប់»របស់អ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីន ដោយអំពាវនាវឲ្យសហគមន៍អន្តរជាតិ ចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ «អំពើប្រល័យពូជសាសន៍» នៅក្នុងតំបន់ហ្កហ្សា និង ផ្តន្ទាទោសមេដឹកនាំអ៊ីស្រាអែលចំពោះការប្រព្រឹត្ត«ឧក្រិដ្ឋកម្មដ៏សាហាវព្រៃផ្សៃ»។
យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៥នាក់ ត្រូវបានសម្លាប់កាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលចំនួនពីរកំណត់គោលដៅទៅលើសាលារៀនមួយ ដែលផ្តល់ជម្រកដល់ជនភៀសខ្លួន និងមជ្ឈមណ្ឌលការពារជនស៊ីវិល នៅតំបន់ហ្កាហ្សាស្ទ្រីប។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយស្តីពីការវាយប្រហារតាមផ្លូវអាកាសដោយសហរដ្ឋអាមេរិក និងអង់គ្លេស ទៅលើប្រទេសយេម៉ែន លោក Baghaei បានបញ្ជាក់ថា ការធ្វើដដែលៗនៃ«ការឈ្លានពានផ្នែកយោធា» ដោយសហរដ្ឋអាមេរិក និងអង់គ្លេសប្រឆាំងនឹងយេម៉ែន «ស្របពេលជាមួយនឹងការបន្តការគាំទ្រគ្មានដែនកំណត់របស់ប្រទេសទាំងពីរសម្រាប់ការប្រល័យពូជសាសន៍ នៅក្នុងតំបន់ហ្កាហ្សា ដោយសង្កត់ធ្ងន់ថា ការវាយប្រហារនោះ គឺជាការរំលោភបំពានលើគោលការណ៍ និងបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។