ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា វាអាស្រ័យលើប្រជាជនស៊ីរី ក្នុងការកំណត់អនាគតរបស់ពួកគេ ហើយបានអំពាវនាវឲ្យមានរដ្ឋាភិបាល «ចម្រុះ» ដោយគិតគូរពីផលប្រយោជន៍ជាតិសាសន៍ និងសាសនារបស់ប្រទេសនេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួង បានលើកឡើងថា ទីក្រុងមូស្គូ កំពុងឃ្លាំមើលស្ថានការណ៍យ៉ាងដិតដល់ជាងមួយសប្តាហ៍បន្ទាប់ពីការដួលរលំរបស់ប្រធានាធិបតី លោក បាសា អាល់អាសាដ ( Bashar al- Assad ) ដែលគាំទ្រដោយទីក្រុងមូស្គូជាយូរមកហើយនោះ និងនៅពេលដែលអំណាច ត្រូវបានពង្រឹងក្រោមការគ្រប់គ្រងរបស់លោកមេបញ្ជាការ Ahmed Al-Sharaa។
សេចក្តីថ្លែងការណ៍នោះ បានបន្តថា៖«យើងជឿជាក់ថា ផ្លូវឆ្ពោះទៅរកភាពប្រក្រតីភាពនៃស្ថានការណ៍ នៅក្នុងប្រទេសស៊ីរីប្រកបដោយនិរន្តរភាព គឺបង្កើតការសន្ទនាបញ្ចូលគ្នារវាងប្រជាជនស៊ីរី ដោយផ្អែកលើការសម្រេចបាននូវកិច្ចព្រមព្រៀងជាតិ និងឆ្ពោះទៅមុខជាមួយនឹងដំណើរការដ៏ស្មុកស្មាញនៃដំណោះស្រាយនយោបាយ»។ «សម្រាប់រុស្ស៊ី វាជារឿងសំខាន់ដែលអនាគតរបស់ស៊ីរី ត្រូវបានកំណត់ដោយស៊ីរីខ្លួនឯង។ យើងជឿជាក់ថា ទំនាក់ទំនងមិត្តភាព និងការគោរពគ្នាទៅវិញទៅមក រវាងប្រជាជននៃប្រទេសរបស់យើងអស់ជាច្រើនទសវត្សរ៍ នឹងបន្តអភិវឌ្ឍន៍ប្រកបដោយការស្ថាបនា»។