មន្ត្រីកងទ័ពជើងទឹកអូស្ត្រាលី និងអង់គ្លេស នឹងរួមគ្នាបង្ហាញកម្លាំង ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ក្រុមវាយប្រហាររបស់នៃនាវាដឹកយន្តហោះអង់គ្លេស នឹងត្រូវបានដាក់ពង្រាយទៅកាន់តំបន់នេះ ក្នុងឆ្នាំ២០២៥ ហើយចូលចតនៅទីក្រុង Darwin ជាការកត់សម្គាល់ជាលើកដំបូងដែលនាវាដឹកយន្តហោះអង់គ្លេស នឹងចូលចត នៅប្រទេសអូស្ត្រាលី ចាប់តាំងពីឆ្នាំ១៩៩៧ មក។
បន្ទាប់ពីកិច្ចប្រជុំរួមគ្នា រវាងក្រសួងការពារជាតិ និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង២ រដ្ឋមន្ត្រីការពារជាតិ លោក Richard Marles បានប្រកាសនៅទីក្រុងឡុងដ្រ៍ថា នាវាពិឃាត HMAS Sydney និង HMAS Brisbane នឹងចូលរួមក្នុងសកម្មភាពរបស់ក្រុមប្រយុទ្ធនេះ។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅថ្ងៃអង្គារ (ទី១៧ ខែធ្នូ) នេះ បន្ទាប់ពីកិច្ចប្រជុំនេះ លោកបាននិយាយថា៖ «យើងកំពុងឃើញការកើនឡើងនូវកិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងការពារជាតិរបស់យើង នៅក្នុងលំហប្រតិបត្តិការរួម និងកងកម្លាំងពិសេស (ហើយនិង) នៅទូទាំងភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់យើង»។
ចំណែករដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បានលើកឡើងថា កិច្ចពិភាក្សាបានគ្របលើ «បញ្ហាប្រឈមពីប្រទេសចិន ដែលកាន់តែសកម្ម និងកាន់តែមិនញញើតខ្លាំងឡើងៗ នៅក្នុងតំបន់ ហើយនិងគ្របលើសារៈសំខាន់ដ៏ចាំបាច់នៃការរក្សាបានទាំងការររារាំង និងសេរីភាពនៃការធ្វើនាវាចរណ៍»។
ក្រុមវាយប្រហាររបស់ប្រទេសអង់គ្លេសនេះ នឹងចូលរួមក្នុងសមយុទ្ធយោធា Talisman Sabre ដែលជាសមយុទ្ធដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលី និងសមយុទ្ធ Bersama Lima ដែលមានសិង្ហបុរី ម៉ាឡេស៊ី និងនូវ៉ែលហ្សេឡង់ចូលរួមដែរ។
អូស្ត្រាលីក៏នឹងបង្កើតការិយាល័យចំណុចប្រទាក់កម្មវិធីនាវាមុជទឹក នៅទីក្រុង Bristol ក្នុងប៉ុន្មានខែខាងមុខ ដែលនឹងបញ្ចូលជនជាតិអូស្ត្រាលីប្រហែលរាប់សិបនាក់ ដើម្បីគ្រប់គ្រងការដឹកជញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ អូស្ត្រាលីនឹងទិញនាវាមុជទឹកក្រោមកិច្ចព្រមព្រៀង AUKUS ជាមួយអង់គ្លេស និងសហរដ្ឋអាមេរិក៕