នាយកប្រតិបត្តិរបស់បណ្ដាញសង្គម TikTok លោក Chew Shou Zi បានជួបជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump នៅគេហដ្ឋាន Mar-a-Lago កាលពីថ្ងៃចន្ទ (ទី១៦ ខែធ្នូ) ពោលគឺប៉ុន្មានសប្តាហ៍មុនកម្មវិធីវីដេអូដ៏ពេញនិយមមួយនេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានហាមឃាត់ នៅសហរដ្ឋអាមេរិក ដោយសារបញ្ហាសន្តិសុខជាតិ។
ដោយត្រូវបានបបញ្ជាក់ពីប្រភពដែលបានដឹងពីការពិភាក្សានេះ ជំនួបឯកជននេះបានកើតមានឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីលោក Trump បានលើកឡើងថា ទោះជាមធ្យោបាយណាក៏ដោយ លោកនឹងព្យាយាមកែប្រែការហាមប្រាមនេះ ដើម្បីជួយការពារបណ្ដាញសង្គម TikTok ដែលលោកបានប្រើប្រាស់ ដើម្បីបានទៅដល់អ្នកបោះឆ្នោតវ័យក្មេង នៅលើផ្លូវធ្វើយុទ្ធនាការរបស់លោក។
នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ពីគេហដ្ឋាន Mar-a-Lago លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងនឹងពិនិត្យមើលករណីរបស់ TikTok។ អ្នកដឹងទេ ខ្ញុំចូលចិត្ត TikTok ណាស់»។
លោក Trump ធ្លាប់បានព្យាយាមហាមឃាត់បណ្ដាញ TikTok ក្នុងឆ្នាំ២០២០ អំឡុងអាណត្តិប្រធានាធិបតីដំបូងរបស់លោក ប៉ុន្តែចាប់តាំងពីពេលនោះមក លោកបានប្តូរជំហររបស់លោក ចំពោះកម្មវិធីនេះ។ ភ្លាមៗនេះ គេមិនដឹងច្បាស់ទេថា លោក Trump និងលោក Chew បានពិភាក្សាគ្នាពីអ្វី។ អ្នកនាំពាក្យរបស់បណ្ដាញសង្គម TikTok មិនបានឆ្លើយតបនោះឡើយទៅនឹងសំណើសុំការអត្ថាធិប្បាយ។ នៅមុននេះ ប្រព័ន្ធផ្សព្វផ្សាយ CNN បានរាយការណ៍ អំពីកិច្ចប្រជុំនេះ។
គួរបញ្ជាក់ថា ការបិទដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ត្រូវបានតម្រូវឲ្យអនុវត្តក្រោមច្បាប់ចុះហត្ថលេខាដោយលោកប្រធានាធិបតី Joe Biden ប្រសិនបើក្រុមហ៊ុនមេរបស់បណ្ដាញសង្គម TikTok មានមូលដ្ឋាននៅប្រទេសចិន គឺ ByteDance Ltd. មិនយល់ព្រមលក់កម្មវិធីនេះទៅឲ្យម្ចាស់ជាជនជាតិអាមេរិកទេនោះ។ ក្រុមហ៊ុនបាន និងកំពុងតស៊ូផ្នែកច្បាប់៕