ស៊ូដង់៖ ការតវ៉ានៅតាមដងផ្លូវបានបន្តនៅក្នុងរដ្ឋធានី Khartoum ប្រទេសស៊ូដង់ ខណៈបាតុកម្មនៅតែបន្តប្រឆាំងទៅនឹងយោធាដែលបានដណ្ដើមអំណាច នៅក្នុងរដ្ឋប្រហារកាលពីដើមសប្តាហ៍នេះ។ បាតុករបានដាក់ដុំថ្មកាត់ផ្លូវ និងបានដុតសំបកកង់រថយន្ត ខណៈរថយន្តសន្តិសុខប្រទេសស៊ូដង់ប្រដាប់ដោយអាវុធធន់ធ្ងន់បានបើកនៅជុំវិញនោះ។

យោងតាមគណៈកម្មាធិការរបស់គ្រូពេទ្យ និងសកម្មជនប្រទេសស៊ូដង់បានឲ្យដឹងថា ចាប់តាំងពីបាតុកម្មបានផ្ទុះឡើងយ៉ាងហោចណាស់មនុស្ស ៩នាក់បានស្លាប់ដោយការបាញ់កាំភ្លើងរបស់កងកម្លាំងសន្តិសុខ និងមនុស្សយ៉ាងហោចណាស់ ១៧០នាក់ផ្សេងទៀតបានរងរបួស។ ក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យបានអំពាវនាវ ដល់ប្រជាជនរាប់លាននាក់ឱ្យចូលរួមដង្ហែក្បួនបាតុកម្មនៅថ្ងៃសៅរ៍នេះ ដើម្បីបញ្ឈប់រដ្ឋប្រហារ។ សកម្មភាពនេះកើតឡើងនៅពេលដែលឧត្តមសេនីយយោធាប្រទេសស៊ូដង់ ដែលបានដណ្ដើមអំណាចបាននិយាយថា យោធាដែលលោកដឹកនាំនឹងតែងតាំងនាយករដ្ឋមន្ត្រី ដើម្បីគ្រប់គ្រងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Sputnik របស់ប្រទេសរុស្ស៊ីដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ លោកឧត្តមសេនីយ៏ Abdel-Fattah Burhan បាននិយាយថា នាយករដ្ឋមន្ត្រីថ្មីនឹងបង្កើតគណៈរដ្ឋមន្ត្រីដែលនឹងបែងចែកការដឹកនាំប្រទេស ជាមួយកងកម្លាំងប្រដាប់អាវុធរហូតដល់ការបោះឆ្នោតដែលបានគ្រោងទុកនៅខែកក្កដា ឆ្នាំ២០២៣។ កាលពីថ្ងៃចន្ទលោក Burhan បានរំលាយរដ្ឋាភិបាលអន្តរកាល និងឃុំខ្លួននាយករដ្ឋមន្ត្រីលោក Abddalla Hamdok មន្ត្រីរដ្ឋាភិបាល និងមេដឹកនាំនយោបាយជាច្រើនរូបនៅក្នុងរដ្ឋប្រហារ ដែលត្រូវបានថ្កោលទោសដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច៕
អត្ថបទ៖ ប៊ុនថន