ប្រភពមួយបានប្រាប់សារព័ត៌មាន Reuters ថា ក្រសួងពាណិជ្ជកម្មអាមេរិកកំពុងមានចំណាត់ការបង្ក្រាបបន្ថែមទៀតលើអង្គភាពទូរគមនាគមន៍របស់ចិន គឺក្រុមហ៊ុន China Telecom សាខានៅសហរដ្ឋអាមេរិក ដោយសារព្រួយបារម្ភថា អង្គភាពនេះអាចមានលទ្ធភាពទាញយកផលប្រយោជន៍ពីទិន្នន័យជនជាតិអាមេរិក តាមរយៈក្លោដ (Cloud) និងអាជីវកម្មអ៊ីនធឺណេត នៅសហរដ្ឋអាមេរិក ដោយផ្តល់វាឲ្យទៅទីក្រុងប៉េកាំង។
ប្រភពបានអះអាងពីរបាយការណ៍របស់សារព័ត៌មាន New York Times ថា ក្រសួង កាលពីសប្តាហ៍មុន បានបញ្ជូនទៅក្រុមហ៊ុន China Telecom Americas នូវការសម្រេចបឋម ដែលថា វត្តមានរបស់ក្រុមហ៊ុន នៅក្នុងបណ្តាញ និងសេវាកម្មក្លោដ នៅសហរដ្ឋអាមេរិក បង្កហានិភ័យដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ហើយផ្តល់ពេលដល់ក្រុមហ៊ុនរយៈពេល ៣០ថ្ងៃ ដើម្បីឆ្លើយតប។
ក្នុងឆ្នាំ២០២១ គណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) បានលុបចោលការអនុញ្ញាតឲ្យក្រុមហ៊ុន China Telecom Americas ធ្វើប្រតិបត្តិការ នៅសហរដ្ឋអាមេរិក ដោយលើកឡើងពីកង្វល់ ពាក់ព័ន្ធនឹងសន្តិសុខជាតិ។ ក្រុមហ៊ុន China Telecom Americas មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។
គួរបញ្ជាក់ថា មានការជូនដំណឹងកាន់តែច្រើនឡើងៗ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ថា មានកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនដែលត្រូវបានគេស្គាល់ថា ជា Salt Typhoon ដើម្បីជ្រៀតចូលក្រុមហ៊ុនទូរគមនាគមន៍អាមេរិក និងលួចទិន្នន័យ អំពីការហៅទូរសព្ទរបស់សហរដ្ឋអាមេរិក។ សមាជិកព្រឹទ្ធសភា បានប្រាប់ឲ្យដឹងថា ការវាយប្រហារនេះទំនងជាតំណាងឲ្យការលួចទិន្នន័យទូរគមនាគមន៍ដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក។
នៅក្នុងខែមិថុនា សារព័ត៌មាន Reuters បានរាយការណ៍ជាលើកដំបូងថា រដ្ឋបាលលោក Biden កំពុងស៊ើបអង្កេតក្រុមហ៊ុន China Telecom, China Mobile និង China Unicom ជុំវិញការធ្វើអាជីវកម្មសេវាកម្មក្លោដ និងអ៊ីនធឺណិតរបស់អាមេរិក៕