រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius កាលពីថ្ងៃចន្ទ (ទី១៦ ខែធ្នូ) បាននិយាយថា ប្រទេសរបស់លោកទំនងជានឹងដើរតួនាទី ដើម្បីធានាបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ នាពេលអនាគត រវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែថា វាគឺលឿនពេកណាស់ ដែលមិនអាចប្រាប់ពីអ្វីដែលកងកម្លាំងរក្សាសន្តិភាពនឹងមានមុខមាត់ដូចម្ដេចនោះ។
ការរំពឹងទុកដែលថា អឺរ៉ុបអាចដាក់កងកម្លាំង ក្នុងដែនដីនៅអ៊ុយក្រែន ប្រសិនបើបទឈប់បាញ់ត្រូវបានឈានដល់ជាមួយរុស្ស៊ី បានកើនឡើង ខណៈដែលប្រទេសនានា កំពុងរង់ចាំការវិលត្រឡប់របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump ទៅកាន់សេតវិមាន ក្នុងខែមករា។
លោក Trump បានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងជំរុញឲ្យមានបទឈប់បាញ់ជាបន្ទាន់មួយ ដើម្បីបញ្ចប់ជម្លោះ ហើយថា លោកមើលឃើញថា បណ្ដាប្រទេសអឺរ៉ុបទទួលបន្ទុកការទទួលខុសត្រូវដំបូង សម្រាប់សន្តិសុខ នៅទ្វីបរបស់ពួកគេ។
ដោយនិយាយទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងប៊ែរឡាំង លោក Pistorius បានបន្ទរតាមអ្នកនយោបាយអឺរ៉ុបផ្សេងទៀត ដោយលើកឡើងថា វាលឿនពេកណាស់ ដែលមិនអាចធ្វើការសម្រេចណាមួយលើវត្តមានកងទ័ព នៅក្នុងប្រទេសអ៊ុយក្រែន ព្រោះថា មិនទាន់មានទាំងការចរចា ឬបទឈប់បាញ់ នៅខាងមុខ៕