ប្រទេសឥណ្ឌា បានបង្កើនការប្រកាសពីការរឹតបន្តឹង ក្នុងគោលបំណងជួយសាធារណជនទប់ទល់នឹងខ្យល់បរិយាកាសកខ្វក់ ដោយត្រូវបានធ្វើឡើង ២ដង ក្នុងរយៈពេល ២៤ម៉ោង នៅទីក្រុងញូវដេលី (New Delhi) និងតំបន់ជុំវិញរបស់ទីក្រុងនេះ បន្ទាប់ពីកម្រិតគុណភាពខ្យល់បានធ្លាក់ចុះ។
ការប្រកាសណែនាំចុងក្រោយបំផុត សម្រាប់ថ្ងៃទី១៧ ខែធ្នូ ត្រូវបានចេញកាលពីយប់ថ្ងៃទី១៦ ខែធ្នូ បន្ទាប់ពីការការវាយតម្លៃសន្ទស្សន៍គុណភាពខ្យល់ (AQI) បានឡើងដល់កម្រិតលើសពី ៤០០ ធៀបនឹងមាត្រដ្ឋានកម្រិតពីសូន្យដល់ ៥០០ ដោយកំពុងប្រែទៅជាមានកម្រិត «អាក្រក់ទៅៗ»។ កម្រិតនោះបានជំរុញឲ្យមានកិច្ចប្រជុំបន្ទាន់នៃស្ថាប័នរដ្ឋាភិបាលដែលមានភារកិច្ចគ្រប់គ្រងការបង្កកខ្វក់បរិយាកាស។
កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ការណែនាំ សម្រាប់ថ្នាក់រៀននានា ទាំងការរៀនតាមអនឡាន និងដោយផ្ទាល់ ត្រូវបានកំណត់រហូតដល់ថ្នាក់ទី៥ ប៉ុន្តែក្រោយមកត្រូវបានបន្ថែមដល់គ្រប់កម្រិតទាំងអស់ លើកលែងតែថ្នាក់ទី១០ និងទី១២។
ការណែនាំដំបូងដែលថា ការិយាល័យរដ្ឋាភិបាលត្រូវកែប្រែម៉ោងធ្វើការ ក៏ត្រូវបានពង្រីកបន្ថែមរួមបញ្ចូលទាំងសំណើដែលថា ការិយាល័យទាំងអស់ត្រូវអនុញ្ញាតឲ្យបុគ្គលិកធ្វើការពីផ្ទះ ៥០ភាគរយ។
គួរបញ្ជាក់ថា AQI មានកម្រិត ៤២៤ នៅទីក្រុង New Delhi នាព្រឹកថ្ងៃទី១៧ ខែធ្នូនេះ។ សីតុណ្ហភាពក៏បានធ្លាក់ចុះដល់ ៥,៩អង្សាសេ ដែលធ្វើឲ្យទីក្រុងនេះត្រូវបានគ្របដណ្តប់ដោយផ្សែងអ័ព្ទពុល និងជំរុញឲ្យមានគំនិតផ្ដួចផ្តើមនូវ «នីតិវិធី សម្រាប់ការមើលឃើញមិនសូវច្បាស់» នៅព្រលានយន្តហោះ។
គណៈកម្មាការទទួលបន្ទុកការគ្រប់គ្រងគុណភាពខ្យល់ បានសន្មតថា «ការកើនឡើងនូវការបង្កកខ្វក់ដ៏ខ្លាំងក្លានេះ» មានការរួមចំណែកពីស្ថានភាពអាកាសធាតុមិនអំណោយផលធ្ងន់ធ្ងរ និងខ្យល់ស្ងប់ទាំងស្រុង»។ សេចក្ដីណែនាំនេះក៏បានបញ្ជាឲ្យហាមឃាត់ការងារសាងសង់ភាគច្រើនផងដែរ៕



