អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសមូស្លីមធំៗ នៅប្រទេសអេហ្ស៊ីប នាថ្ងៃព្រហស្បតិ៍នេះ ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអ៊ីរ៉ង់ទៅកាន់ប្រទេសអេហ្ស៊ីប ក្នុងរយៈពេលជាង ១ទសវត្សរ៍។
គួរបញ្ជាក់ថា ប្រទេសអេហ្ស៊ីបកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនៃអង្គការ D-8 សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលរួមមានទាំងបង់ក្លាដែស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី នីហ្សេរីយ៉ា ប៉ាគីស្ថាន និងទួរគីផងដែរ។
ទំនាក់ទំនង រវាងប្រទេសអេហ្ស៊ីប និងអ៊ីរ៉ង់ ជាទូទៅ មានភាពរអាក់រអួល ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ប៉ុន្តែប្រទេសទាំង២ បានបង្កើនទំនាក់ទំនងការទូតកម្រិតខ្ពស់ ចាប់តាំងពីការផ្ទុះវិបត្តិ នៅតំបន់ហ្កាហ្សា កាលពីឆ្នាំមុន ខណៈដែលអេហ្ស៊ីបព្យាយាមដើរតួនាទីសម្របសម្រួល។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប ក្នុងខែតុលា ដើម្បីពិភាក្សាជាមួយមន្ត្រីអេហ្ស៊ីប ស្ដីពីបញ្ហានានា ក្នុងតំបន់ ខណៈដែលសមភាគីអេហ្ស៊ីប លោក Badr Abdelatty បានធ្វើដំណើរទៅកាន់ទីក្រុងតេអេរ៉ង់ កាលពីដើមខែកក្កដា ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក Pezeshkian។
នៅឯសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក Baghaei បាននិយាយថា៖ «យើងមានកិច្ចប្រជុំកំពូលដ៏សំខាន់ ដែលគេស្គាល់ថា D-8 នៅប្រទេសអេហ្ស៊ីប រដ្ឋមន្ត្រីការបរទេសនឹងចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រី ហើយបន្ទាប់មកកិច្ចប្រជុំកំពូល នឹងត្រូវធ្វើឡើងដោយមានការចូលរួមពីលោកប្រធានាធិបតី»។
គួរបញ្ជាក់ថា អង្គការ D-8 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ ដើម្បីកែលម្អកិច្ចសហប្រតិបត្តិការ រវាងប្រទេសដែលលាតសន្ធឹងពីតំបន់អាស៊ីអាគ្នេយ៍ រហូតដល់ទ្វីបអាហ្វ្រិក៕
