គណៈកម្មការជាតិប្រឆាំងអំពើពុករលួយ (NACC) របស់ប្រទេសថៃ កាលពីថ្ងៃចន្ទ (ទី១៦ ខែធ្នូ) បានសម្រេចស៊ើបអង្កេតលើមន្ត្រីរដ្ឋាភិបាលចំនួន ១២នាក់ ពីបទអនុញ្ញាតឲ្យអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ស្នាក់នៅក្នុងមន្ទីរពេទ្យ ជំនួសឲ្យការជាប់ពន្ធនាគារ។
អគ្គលេខាធិការ NACC លោក Sarote Phuengramphan បាននិយាយថា គណៈកម្មការប្រឆាំងអំពើពុករលួយ កំពុងចាត់វិធានការ ជុំវិញការចោទប្រកាន់ ដែលថា មន្ត្រីនៅនាយកដ្ឋានអប់រំកែប្រែ និងមន្ទីរពេទ្យនគរបាលទូទៅ បានបញ្ជូនលោក ថាក់ស៊ីន ទៅមន្ទីរពេទ្យក្នុងទីក្រុងបាងកក ដើម្បីកុំឲ្យលោកអនុវត្តរយៈពេលជាប់ពន្ធនាគារ។
យោងតាមការចោទប្រកាន់នោះ បានបង្ហាញថា លោក ថាក់ស៊ីន ត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងមន្ទីរពេទ្យនគរបាលទូទៅរយៈពេល ១៨០ថ្ងៃ បើទោះបីជាមិនមានជំងឺធ្ងន់ធ្ងរក៏ដោយ។
លោក Sarote បាននិយាយថា NACC បានរកឃើញអង្គហេតុ សាក្សី និងភស្តុតាងគ្រប់គ្រាន់ ដើម្បីធ្វើការស៊ើបអង្កេត ហេតុដូច្នេះហើយទើបបានសម្រេចដំណើរការសំណុំរឿង និងស៊ើបអង្កេតលើមន្ត្រីទាំង ១២នាក់នោះ។ លោកបានបន្ថែមថា ស្នងការ NACC ទាំងអស់ នឹងទទួលខុសត្រូវ ចំពោះការស៊ើបអង្កេតនេះ។
គួររំលឹកថា លោក ថាក់ស៊ីន បានវិលត្រឡប់ចូលមាតុប្រទេសវិញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីបានរស់នៅនិរទេសខ្លួនដោយខ្លួនឯងអស់រយៈពេល ១៥ឆ្នាំ ក្រោយរដ្ឋប្រហារដឹកនាំដោយយោធាដែលបានទម្លាក់រដ្ឋាភិបាលចាំផ្ទះរបស់លោក ក្នុងឆ្នាំ២០០៦។
លោកត្រូវបាននាំខ្លួនទៅតុលាការកំពូលភ្លាមៗ ជាទីដែលលោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៨ឆ្នាំ ក្នុងសំណុំរឿងពុករលួយចំនួន ៣ករណី។ ក្រោយមក ទោសនេះត្រូវបានកាត់បន្ថយឲ្យមកនៅត្រឹម ១ឆ្នាំ ដោយការលើកលែងទោសពីព្រះមហាក្សត្រ។ អតីតមហាសេដ្ឋីទូរគមនាគមន៍រូបនេះ បានបញ្ចប់ការអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ១ឆ្នាំជាផ្លូវការ នៅថ្ងៃទី ៣១ ខែសីហា៕


