ប្រទេសទាំង១០ របស់អង្គការណាតូ (NATO) នៅអឺរ៉ុបខាងជើង នឹងពិភាក្សាអំពីការគាំទ្រដល់ប្រទេសអ៊ុយក្រែន ហើយនិងការបង្កើនការចំណាយ និងសមត្ថភាពការពារជាតិ។ នេះបើតាមសម្ដីរបស់មេដឹកនាំនៃប្រទេសទាំងនោះដែលបាននិយាយ នៅពេលពួកគេបានធ្វើដំណើរទៅដល់ ដើម្បីចូលរួមកិច្ចប្រជុំ នៅរដ្ឋធានី Tallinn នៃប្រទេសអេស្តូនី នាថ្ងៃអង្គារ (ទី១៧ ខែធ្នូ) នេះ។
នាយករដ្ឋមន្ត្រីអេស្តូនី លោក Kristen Michal បាននិយាយថា សម្ព័ន្ធមិត្តបានព្រមព្រៀងរួចជាស្រេចហើយ ក្នុងការ «កាត់បន្ថយឲ្យបានទ្វេដង» នូវអ្វីដែលហៅថា កងនាវាស្រមោលរបស់រុស្ស៊ី ដើម្បីការពារការរំលោភលើទណ្ឌកម្ម និងធ្វើឲ្យទីក្រុងមូស្គូខាតបង់កាន់តែខ្លាំង អំឡុងពេលធ្វើសង្រ្គាមជាមួយអ៊ុយក្រែននេះ។

កាលពីល្ងាចថ្ងៃចន្ទ (ទី១៦ ខែធ្នូ) រដ្ឋាភិបាលអេស្តូនី បានឲ្យដឹងថា សមាជិកទាំង ១០ នៃកងកម្លាំងបេសកកម្មរួម (JEF) ក៏ដូចជាសមាជិកអង្គការណាតូ គឺប្រទេសអាល្លឺម៉ង់ និងប៉ូឡូញ បានចុះហត្ថលេខាលើវិធានការនេះ។
នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក Alexander Stubb បាននិយាយថា លោកស្វាគមន៍ការពិភាក្សា ស្ដីអំពីកិច្ចព្រមព្រៀងសន្តិភាព ឬបទឈប់បាញ់ រវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែបាននិយាយថា ការគាំទ្រផ្នែកយោធាដើម្បីជួយទីក្រុងគីវ «ឈ្នះសង្រ្គាម នៅសមរភូមិ» ត្រូវតែបន្តមាន។
ចំណែកប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda បានប្រាប់ថា លោកចង់ឃើញគោលដៅ ដើម្បីឲ្យសមាជិកអង្គការណាតូចំណាយពី ២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ឡើងដល់ ៣ភាគរយ លើវិស័យការពារជាតិ ដោយលើកឡើងថា វានឹងធ្វើឲ្យមានទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា JEF ដែលដឹកនាំដោយចក្រភពអង់គ្លេស ក៏រួមមានប្រទេសដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ អ៊ីស្លង់ ឡាត់វី លីទុយអានី ហូឡង់ ន័រវ៉ែស និងស៊ុយអែតផងដែរ៕
