នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni នៅថ្ងៃអង្គារ (ទី១៧ ខែថ្នូ) បានជំរុញឲ្យតុលាការយុត្តិធម៌អឺរ៉ុប (ECJ) ច្រានចោលការជំទាស់ ចំពោះផែនការដ៏សំខាន់របស់រដ្ឋាភិបាលលោកស្រី ក្នុងការបញ្ជូនជនអន្តោប្រវេសន៍តាមសមុទ្រទៅកាន់ប្រទេសអាល់បានី។
ចៅក្រមសហភាពអឺរ៉ុប (EU) ត្រូវបានស្នើសុំឲ្យថ្លឹងថ្លែងលើគម្រោងនេះពីសំណាក់តុលាការអ៊ីតាលី ជាសំណើដែលបានធ្វើឲ្យលោកស្រី Meloni ខឹងសម្បា ដោយរារាំងដល់ការផ្ទេរជនអន្តោប្រវេសន៍ទៅកាន់មណ្ឌលឃុំឃាំងគ្រប់គ្រងដោយអ៊ីតាលី នៅក្នុងប្រទេសអាល់បានី ដោយនិយាយថា ការធ្វើបែបនេះផ្ទុយនឹងច្បាប់របស់ EU។
ដោយថ្លែងទៅកាន់សភាជាន់ទាប មុនកិច្ចប្រជុំកំពូលរបស់មេដឹកនាំ EU លោកស្រី Meloni បានលើកឡើងថា ភាពច្បាស់លាស់ គឺត្រូវការចាំបាច់ «ជុំវិញបញ្ហាដែលជាកម្មវត្ថុនៃវិធានការតុលាការថ្មីៗនេះ ជាមួយនឹងការបញ្ចូលមនោគមវិជ្ជាបន្ថែម»។
លោកស្រីបានបន្ថែមថា ប្រសិនបើ ECJ ចង់អះអាងពីវិធានការទាំងនេះ «វានឹងប្រថុយឲ្យមានការសម្របសម្រួលដល់គោលនយោបាយធ្វើមាតុភូមិនិវត្តន៍នៃប្រទេសសមាជិកទាំងអស់» យ៉ាងហោចណាស់ក៏រហូតដល់ច្បាប់សិទ្ធិជ្រកកោនថ្មីរបស់ប្លុកនេះ ត្រូវបានអនុវត្តយ៉ាងពេញលេញ នៅឆ្នាំ២០២៦។
គួរបញ្ជាក់ថា ក្រោមផែនការរបស់អ៊ីតាលី មានតែមនុស្សពេញវ័យ និងមិនងាយរងគ្រោះពីបញ្ជីនៃបណ្ដាប្រទេសដែលត្រូវបានអាជ្ញាធរទីក្រុងរ៉ូមចាត់ទុកថា «មានសុវត្ថិភាព» ទើបទទួលបានសិទ្ធិឃុំខ្លួន នៅប្រទេសអាល់បានី និងត្រូវបានធ្វើមាតុភូមិនិវត្តន៍យ៉ាងឆាប់រហ័ស ប្រសិនបើពាក្យសុំសិទ្ធិជ្រកកោនរបស់ពួកគេត្រូវបានបដិសេធ៕

