ប្រទេសហ្វីលីពីន បានឲ្យដឹងថា ខ្លួនបានដឹកជញ្ជូនគ្រឿងបរិក្ខារ នៅដើមខែនេះ ទៅឲ្យបុគ្គលិកយោធាដែលឈរជើង នៅឯតំបន់ ក្នុងសមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងម៉ានីលកាន់កាប់ ប៉ុន្តែត្រូវបានទាមទារដោយទីក្រុងប៉េកាំង។
តែនៅថ្ងៃអង្គារ (ទី១៧ ខែថ្នូ) នេះ ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បានប្រាប់ថា ហ្វីលីពីនបានបញ្ជូននាវាស៊ីវិល ដើម្បីដឹកគ្រឿងបរិក្ខារទៅឲ្យនាវាចម្បាំងដែល «ចតដោយខុសច្បាប់» នៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal កាលពីថ្ងៃទី១២ ខែធ្នូ «ដោយមានការអនុញ្ញាតពីប្រទេសចិន»។
ភ្លាមៗនេះ មិនទាន់មានការឆ្លើយតបពីស្ថានទូតហ្វីលីពីន ប្រចាំនៅទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍របស់ឆ្មាំល្បាតឆ្នេរនេះទេ។ កងកម្លាំងប្រដាប់អាវុធហ្វីលីពីន បាននិយាយថា បេសកកម្មផ្គត់ផ្គង់គ្រឿងសម្ភារៈប្រើប្រាស់ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៤ ខែធ្នូ បានផ្តល់ «នូវសម្ភារៈប្រើប្រាស់ទ្រទ្រង់ជីវិតចាំបាច់ និងនិរន្តរភាព» ហើយរួមមានទាំង «កញ្ចប់បុណ្យណូអែល» ដើម្បីលើកទឹកចិត្តដល់ទាហានដែលនឹងនៅឆ្ងាយពីគ្រួសារ ក្នុងរដូវបុណ្យនេះ។
ទោះបីជាសេចក្តីថ្លែងការណ៍របស់ខ្លួន មិនបានបញ្ចេញឈ្មោះពីតំបន់ដែលបេសកកម្មបានទៅដល់ ដើម្បីទម្លាក់សម្ភារៈផ្គត់ផ្គង់នេះក៏ដោយ ក៏រូបថតចែករំលែកដោយយោធាហ្វីលីពីន បង្ហាញពីការដឹកជញ្ជូនបានទៅដល់បុគ្គលិកដែលឈរជើងលើនាវាចម្បាំង Sierra Madre នៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។
គួរបញ្ជាក់ថា ភាពតានតឹង រវាងចិន និងហ្វីលីពីន បានកើនឡើងពេញមួយឆ្នាំ ជុំវិញជម្លោះ នៅសមុទ្រចិនខាងត្បូង ដែលចិនទាមទារស្ទើរតែទាំងស្រុង៕