បាត់ដំបង ៖ ផ្លូវជនបទ១ខ្សែ ក្រាលកៅស៊ូ DBST បន្ថែមពីលើ នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង បានរក្សានូវគុណភាពផ្លូវល្អប្រសើរ ធានានូវប្រសិទ្ធភាពនៃការប្រើប្រាស់ផ្លូវជនបទបានយូរអង្វែង ដែលនេះជាការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅតំបន់ ជនបទ។
ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ លើការងារថែទាំ ខួបផ្លូវ ក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST) លើផ្លូវកំពង់ព្រៀង-ស្វាយជាតិ ប្រវែង ៦ ៥០០ ម៉ែត្រ ស្ថិតក្នុង ឃុំកំពង់ព្រៀង ឃុំស្វាយជាតិ ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី ១៧ ខែ ធ្នូ នេះថា ជុំវិញការស្ថាបនា និងថែទាំផ្លូវនៅតាមជនបទនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជា ប្រធានព្រឹទ្ធសភា បានសម្រេចនូវសមិទ្ធផលជាច្រើន ដែលជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ដោយសម្តេចទាំងទ្វេបានគិតគូរយ៉ាងខ្លាំងអំពីការអភិវឌ្ឍ និង ការរស់នៅរបស់ប្រជាជននៅជនបទ។
ជាក់ស្តែងនៅក្នុងអាណត្តិទី៧ នេះ, ទាក់ទិនការអភិវឌ្ឍន៍ជនបទ រាជរដ្ឋាភិបាលបានកំពុងលើកកម្ពស់គុណភាពនៃជីវិតរបស់ ប្រជាជន និងការប្រែក្លាយតំបន់ជនបទទៅជាតំបន់រីកចម្រើន និងជឿនលឿន ស័ក្តិសមជាជនបទនៃប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ បញ្ហានេះ, តាមរយៈនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជនបទ ជាពិសេសការអភិវឌ្ឍផ្លូវ ស្ពាន និងសំណង់សិល្បការ្យផ្សេងៗ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជននៅតាមជនបទ។
ក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ, ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងបន្ថែមថា ជុំវិញផ្លូវជនបទ នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានកំពុងប្រែក្លាយផ្លូវក្រាលក្រួសជាច្រើនខ្សែ ទៅជាផ្លូវក្រាល កៅស៊ូ ឬផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់យូរអង្វែង ដើម្បីបង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ, ចំណេញ ពេលវេលា, កាត់បន្ថយចំណាយលើការដឹកជញ្ជូន ឬផលិតផលផ្សេងៗទៅកាន់ទីផ្សារ និងភាពងាយស្រួលក្នុងការទទួលបានសេវា សាធារណៈផ្សេងៗជាដើម។ ជុំវិញបញ្ហាផ្លូវនេះដែរ, ឯកឧត្តម អ៊ិន ចន្ថា ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមបណ្តោយផ្លូវទាំងនេះ សូមចូលរួមថែទាំផ្លូវ លូ និងសំណង់សិល្បការ្យផ្សេងៗឲ្យបានយូរអង្វែង និងចាត់ទុកផ្លូវ និងលូ ទាំងនោះជារបស់ពួកគាត់៕
អត្ថបទ៖ សុន រ៉ាឌី








