ភ្នំពេញ៖ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន។
តាមតយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នៅយប់ថ្ថៃទី១៧ ខែធ្នូនេះ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន បានមានប្រសាសន៍ថា ជំនួយរបស់ចិនមកកាន់កម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក គម្រោងជំនួយថ្មីៗក៏កំពុងតែដំណើរការ។
ឯកឧត្តមថ្លែងថា ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន។ រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា គឺមិនអាចទៅរួចបានឡើយ។
សូមជម្រាបថា ការបញ្ជាក់របស់ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនបែបនេះ បន្ទាប់ពី សាព័ត៌មាន រ៉យទ័រ បានចុះផ្សាយកាលពីថ្ងៃទី១១ ខែធ្នូកន្លងទៅថា ចិនមិនបានអនុម័តកម្ចីណាមួយសម្រាប់កម្ពុជានោះទេ នៅឆ្នាំ២០២៤នេះ ដោយយោងទៅលើទិន្នន័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤នេះ។
ឆ្លើយតបការចុះផ្សាយនេះដែរ ប៉ុន្មានថ្ងៃបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានចុះផ្សាយថា ចិនដែលជា «ម្ចាស់បំណុល» ឈប់ផ្ដល់កម្ចីដល់កម្ពុជា ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងនៅថ្ងៃទី១៤ ខែធ្នូ ថា បានបដិសេធការចុះផ្សាយបែបនេះ និងចាត់ទុកថាជាព័ត៌មានដើម្បីបំភាន់សាធារណមតិ និង«គួរឲ្យអស់សំណើច»៕

