ប្រតិភូវិនិយោគិនមកពីប្រទេសចិនចំនួន ៣ក្រុម បានកំពុងស្វែងរកឱកាសវិនិយោគ និងបានចាប់អារម្មណ៍លើការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យជាច្រើន និងបានប្តេជ្ញាជួយគៀងគរវិនិយោគិនចិន ឱ្យមកធ្វើការវិនិយោគនៅកម្ពុជាបន្ថែមផងដែរ។

ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូវិនិយោគិនចិន នៅថ្ងៃទី ១៧ ម្សិលមិញនេះ, ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូ ទាំងអស់ និងបានគូសរំលេចពីកំណើននៃរំហូរវិនិយោគនៅកម្ពុជាជារួម ជាពិសេសកំណើនៃរំហូរវិនិយោគចិនមកកម្ពុជា ក្នុងរយៈពេល ប្រមាណ១ទសវត្សរ៍ចុងក្រោយនេះ ដែលប្រភពទុនពីប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១ ឬលេខ២ ជារៀងរាល់ឆ្នាំ។

ឯកឧត្តមអគ្គលេខាធិការ បានគូសរំលេចអំពីភាពរីកលូតលាស់នៃទំនាក់ទំនងកម្ពុជា-ចិន ដែលបានឈានដល់កម្រិតខ្ពស់ បំផុត ហើយភាគីទាំងពីរបានខិតខំប្រឹងប្រែងកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ ពង្រឹងក្របខ័ណ្ឌកិច្ច សហប្រតិបត្តិការត្បូងពេជ្រ និងបង្កើតឱ្យមានវឌ្ឍនភាពវិជ្ជមានក្នុងការកសាងរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏ដូចជារបៀងមច្ឆា និងអង្ករ ដែលនាំមកនូវផលប្រយោជន៍រូបវន្តដល់ប្រទេសទាំងពីរ។ បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានធ្វើអត្ថាធិប្បាយអំពី បរិយាកាស និងរបបវិនិយោគកម្ពុជា ដែលមានភាពអំណោយផល និងបើកចំហសម្រាប់វិនិយោគិនដោយគ្មានរើសអើង។
ជាការឆ្លើយតប លោកស្រី ចូវ ហួយថុង អគ្គនាយករងក្រុមហ៊ុន ចុងខឺប៉ីហ្វាង មកពីទីក្រុងសិនយ៉ាង ខេត្តលាវនីង ប្រទេស ចិន, បានជម្រាបជូនថា លោកស្រីបានធ្វើការសិក្សាពីកាលានុវត្តភាពវិនិយោគនៅកម្ពុជាអស់រយៈពេលប្រមាណ ២ ឆ្នាំមកហើយ នៅ ពេលនេះ ក្រុមហ៊ុនមានបំណងបណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ។
ដោយឡែកគណៈប្រតិភូសមាគមលើកកម្ពស់បច្ចេកវិទ្យា គ្រប់គ្រងសេដ្ឋកិច្ច អន្តរជាតិប៉េកាំង តំណាងដោយលោកស្រី Li Zeqing ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលនៃសកលវិទ្យាល័យប៉េកាំង លោកស្រីបានកត់សម្គាល់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាងកម្ពុជា-ចិន ដែលត្រូវបានថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ធ្វើការដំឡើងកម្រិត និងបន្ស៉ីគ្នារវាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រទេស។ ស្របគ្នានេះ លោកស្រីបានបង្ហាញនូវចំណាប់អារម្មណ៍ ចំពោះបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគនៅកម្ពុជា ដែលមានភាពល្អ ប្រសើរ និងទាក់ទាញខ្ពស់, លោកស្រីបានណែនាំឱ្យសហគ្រាសឆ្នើម ដែលបានអញ្ជើញចូលរួមអមដំណើរ ធ្វើការសិក្សាសមិទ្ធិលទ្ធភាព លើមុខសញ្ញាគន្លឹះ និងអាទិភាពនានាសំដៅច្បាមយកកាលានុវត្តភាព និងទីផ្សារ។

ចំណែក ប្រតិភូសម្ព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក អ៊ូ ជឺយុង (Wu Zhiyong) អនុប្រធានសម្ព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តហ៊ូប៉ី និងជាអនុប្រធានសភាពាណិជ្ជកម្មខេត្តហ៊ូប៉ី, លោក សង្ឃឹមថា ទំនាក់ទំនងនៃប្រទេសយើងទាំងពីរ តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ នឹងបន្តធ្វើឱ្យប្រជាជនចិន ជាពិសេស វិនិយោគិននៅខេត្តហ៊ូប៉ី មានចំណាប់អារម្មណ៍មកបណ្តាក់ទុនវិនិយោគ នៅកម្ពុជាកាន់តែច្រើនទ្បើងថែមទៀតផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី


