អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា រដ្ឋបាលរបស់លោកមានភាពមិនច្បាស់លាស់ក្នុងការរៀបចំ កិច្ចព្រមព្រៀងនាវាមុជទឹកសម្ងាត់រវាងសហរដ្ឋអាមេរិក និងអង់គ្លេសជាមួយប្រទេសអូស្ត្រាលី ដែលជាការរៀបចំមួយធ្វើឲ្យប្រទេសបារាំងមានភាពខ្វល់ខ្វាយ និងធ្វើឱ្យលែងមានជំនឿរបស់សហភាពអឺរ៉ុបចំពោះភាពស្មោះត្រង់របស់សហរដ្ឋអាមេរិក។

កិច្ចសន្យានាវាមុជទឹកដឹកនាំដោយសហរដ្ឋអាមេរិក បានជំនួសកិច្ចព្រមព្រៀងកាលពីពេលមុនរបស់ប្រទេសបារាំង ក្នុងការផ្គត់ផ្គង់ផ្តល់ឲ្យប្រទេសអូស្ត្រាលីនូវនាវាមុជទឹក។ សហរដ្ឋអាមេរិកបានអះអាងថា ការផ្លាស់ប្ដូរដែលនឹងបំពាក់អាវុធឲ្យសម្ព័ន្ធមិត្តនៅតំបន់ប៉ាស៊ីហ្វិក ជាមួយនឹងនាវាដើរដោយថាមពលនុយក្លេអ៊ែរមានគុណភាពខ្ពស់ នឹងអាចឱ្យប្រទេសអូស្ត្រាលីទប់ទល់នឹងការឈ្លានពានរបស់ប្រទេសចិននៅក្នុងតំបន់។ លោក Biden បាននិយាយដូច្នេះបន្ទាប់ពីលោកបានជួបសមភាគីបារាំងលោក Emmanuel Macron នៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីកាលពីថ្ងៃសុក្រ ជាកន្លែងដែលមេដឹកនាំទាំងពីរបានមកជួបជុំគ្នាសម្រាប់កិច្ចប្រជុំកំពូល G20។
ប្រធានាធិបតីសហរដ្ឋអាមេរិកបានចាត់ទុកប្រទេសបារាំងថា ជាដៃគូដ៏មានតម្លៃបំផុតរបស់ខ្លួន។ លោក Macron បាននិយាយថា អ្វីដែលសំខាន់នោះគឺត្រូវប្រាកដថា ស្ថានភាពបែបនេះនឹងមិនអាចទៅរួចសម្រាប់អនាគតរបស់យើង។ នេះជាលើកដំបូងហើយដែលមេដឹកនាំទាំងពីរបានជួបគ្នាចាប់តាំងពីមានជម្លោះលើបញ្ហានាវាមុជទឹក៕
អត្ថបទ៖ ប៊ុនថន