ប្រាក់អឺរ៉ូ បានធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារចាប់តាំងពីខែវិច្ឆិកាមក ស្របពេលដែលលោក Donald Trump បានទទួលជ័យជម្នះក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដោយបានធ្លាក់ចុះដល់តម្លៃ ១.០៣៣០អឺរ៉ូក្នុងមួយដុល្លារ នៅកម្រិតទាបរយៈពេលពីរឆ្នាំកាលពីថ្ងៃទី២២ ខែវិច្ឆិកា ជាការធ្លាក់ចុះមិននឹកស្មានដល់នៅក្នុងវិស័យសេវាកម្មរបស់តំបន់ចាយប្រាក់អឺរ៉ូ។

នៅខែធ្នូនេះ ទីផ្សារភាគហ៊ុននៅទូទាំងទ្វីបអឺរ៉ុប បានបន្តរង្គោះរង្គើនៅលើកំណត់ត្រាអវិជ្ជមាន ស្របពេលមានចលាចលនយោបាយដែលកំពុងបន្តនៅអាល្លឺម៉ង់ និងបារាំង។ សន្ទស្សន៍ភាគហ៊ុន DAX របស់អាល្លឺម៉ង់ បានធ្លាក់ចុះ ០,៤៥%, ភាគហ៊ុន CAC 40 របស់បារាំង បានធ្លាក់ចុះ ០,៧១% ហើយសន្ទស្សន៍ Euro Stoxx 600 បានធ្លាក់ចុះ ០,១២% កាលពីថ្ងៃចន្ទ (១៦ ធ្នូ) សប្ដាហ៍នេះ។

ប្រទេសសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុបទាំងពីរនេះ ប្រឈមមុខនឹងកំណើនចលាចលផ្នែកនយោបាយ និងសេដ្ឋកិច្ច រួមជាមួយនឹងការគម្រាមកំហែងពន្ធរបស់លោកប្រធានាធិបតីជាប់ឆ្នោត Trump។ ការធ្លាក់ចុះនៃការជួញដូរនក្នុងទីផ្សារអ៊ឺរ៉ុប ប្រហែលជាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ខណៈភាគហ៊ុន DAX បានបន្តធ្លាក់ចុះក្នុងថ្ងៃជួញដូរទីពីរជាប់ៗគ្នាពីកម្រិតខ្ពស់បំផុតរបស់ខ្លួន។

នៅលើសមរភូមិនយោបាយ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានចាញ់ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តនៅក្នុងសភា ដោយធ្វើឱ្យមានការបោះឆ្នោតថ្មីនៅដើមខែកុម្ភៈ ដែលជារយៈពេល ៧ខែមុនកាលកំណត់។
នៅបារាំង រដ្ឋសភាបានអនុម័តច្បាប់ពិសេសមួយ អនុញ្ញាតឱ្យប្រើថវិកាឆ្នាំ២០២៤ ឡើងវិញជាបណ្តោះអាសន្ន ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលតាមបែបអាមេរិក ប៉ុន្តែទីក្រុងប៉ារីស នៅតែមានវិបត្តិនយោបាយដោយសារពុំមានកញ្ចប់ថវិកា២០២៥ ពេញលេញ ដែលធ្វើឱ្យលោកនាយករដ្ឋមន្ត្រី Francois Bayrou ដែលទើបតែងតាំងថ្មី ត្រូវប្រឈមមុខឈឺក្បាលជាច្រើន៕