ការរញ្ជួយដីលើកទីពីរបានវាយប្រហារប្រទេសវ៉ានូអាទូ នៅថ្ងៃពុធ (១៨ ធ្នូ) នេះ ខណៈចំនួនអ្នកស្លាប់ពីរញ្ជួយដីលើកទីមួយកាលពីថ្ងៃអង្គារ បានកើនឡើង ហើយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះអន្តរជាតិកំពុងបន្ត ក្នុងពេលដែលមានការភ័យខ្លាចថាតួលេខអ្នកស្លាប់អាចឡើងខ្ពស់។

អាជ្ញាធរមិនទាន់ដឹងចំនួនអ្នកស្លាប់ផ្លូវការនៅឡើយទេ ដោយសារបណ្ដាញទំនាក់ទំនងត្រូវកាត់ផ្ដាច់ ប៉ុន្តែយ៉ាងហោចណាស់មនុស្ស ១៤នាក់ ត្រូវរាយការណ៍ថាបានស្លាប់ និង ២០០នាក់រងរបួស នេះបើតាមលោកស្រី ខេធី ហ្រ្គីនវូដ (Katie Greenwood) ប្រធានប្រចាំតំបន់នៃសហព័ន្ធកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ។

ខណៈដែលវិសាលភាពពេញលេញនៃការបំផ្លិចបំផ្លាញក្នុងវ៉ានូអាទូ នៅតែមិនទាន់ច្បាស់ អូស្ត្រាលីស្ថិតក្នុងចំណោមប្រទេសជាច្រើន ដែលដាក់ពង្រាយជំនួយដល់វ៉ានូអាទូ ខណៈប្រទេសសមុទ្រប៉ាស៊ីហ្វិកមួយនេះ ប្រកាសដាក់ខ្លួនក្នុងគ្រាអាសន្នរយៈពេល ៧ថ្ងៃ។
នៅពេលអាហារថ្ងៃត្រង់កាលពីថ្ងៃអង្គារ ការរញ្ជួយដីកម្រិត ៧,៣រ៉ិចទ័រ បានវាយប្រហារតំបន់ ព័រវីឡា (Port Vila) ក្នុងពេល ៣០វិនាទី ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងរដ្ឋធានី។ មជ្ឈមណ្ឌលស្រាវជ្រាវភូគព្ភសាស្ត្រអាល្លឺម៉ង់ បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៥,៥រ៉ិចទ័រ លើកទីពីរ បានវាយប្រហារនៅព្រឹកថ្ងៃពុធនេះ។
កោះតូចៗជាង៨០ បង្កើតបានជាប្រទេសប្រជុំកោះវ៉ានូអាទូ ហើយគេមិនច្បាស់ទេថា តើប្រជាជនសរុប ៣៥០.០០០នាក់ របស់ប្រជាជាតិនេះកំពុងស្ថិតក្នុងកន្លែងសុវត្ថិភាព និងជម្រកណាខ្លះ ក្នុងការគេចពីរញ្ជួយដីដ៏មហន្តរាយនេះ៕