ប្រទេសគុយបា កាលពីថ្ងៃអង្គារទី១៧ ខែធ្នូ បានបញ្ជាក់ជាថ្មីពីឆន្ទៈរបស់ខ្លួនដើម្បីសន្ទនាជាមួយ លោក Donald Trump នៅពេលដែលលោកត្រឡប់ទៅកាន់សេតវិមានវិញ ជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅខែមករា ខាងមុខ

អនុរដ្ឋមន្ត្រីការបរទេស លោក Carlos Fernandez de Cossio បាននិយាយនៅថ្ងៃខួបលើកទី១០ នៃទំនាក់ទំនងមិត្តភាពដែលត្រូវបានសម្របសម្រួលដោយអតីតប្រធានាធិបតី លោក Barack Obama និងលោក Raul Castro ថា «គុយបានឹងពុំមែនជាអ្នកផ្តល់យោបល់ ឬផ្តួចផ្តើមគំនិតតែម្នាក់ ដើម្បីផ្អាកកិច្ចសន្ទនា ឬកិច្ចសហប្រតិបត្តិការដែលមានស្រាប់នោះទេ។

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ លោក Obama និងលោក Castro បានប្រកាសពីការចាប់ផ្តើមដំណើរការ ដែលនាំទៅដល់ការស្តារទំនាក់ទំនងការទូតឡើងវិញនៅក្នុងឆ្នាំ២០១៥ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាជាងកន្លះសតវត្សរ៍រវាងទីក្រុងវ៉ាស៊ីនតោន និងប្រទេសដីកោះគ្រប់គ្រងដោយកុម្មុយនិស្ត។
ដំណើរការនេះ បានឈានដល់កម្រិតខ្ពស់បំផុត ដោយលោក Obama ភរិយារបស់លោក លោកស្រី Michelle និងកូនស្រីពីរនាក់ បានទៅធ្វើទស្សនកិច្ចនៅទីក្រុងឡាហាវ៉ាន ក្នុងខែមីនា ឆ្នាំ២០១៦។ លោក Trump បានផ្លាស់ប្តូរគោលនយោបាយប្រទេសគុយបារបស់លោក Obama និងបានរឹតបន្តឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
ក្រៅពីការដាក់ការរឹតត្បិតលើការផ្ញើប្រាក់ទៅឲ្យគ្រួសារនៅប្រទេសគុយបា លោកបានហាមឃាត់រាល់ការធ្វើដំណើររបស់បុគ្គលទៅកាន់ប្រទេសគុយបា ហើយដាក់កោះនេះឱ្យស្ថិតក្នុងបញ្ជីរដ្ឋដែលគាំទ្រសកម្មភាពភេរវកម្ម។
ប្រធានាធិបតីបច្ចុប្បន្ន លោក Joe Biden បានរក្សាប្រទេសគុយបាក្នុងបញ្ជីនោះ ប៉ុន្តែបានបន្តការពិភាក្សាជាមួយទីក្រុងឡាហាវ៉ាន ស្តីពីការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការធ្វើអន្តោប្រវេសន៍ខុសច្បាប់។