អ្នកនាំពាក្យប្រធានាធិបតីអាហ្សង់ទីន លោក Manuel Adorni បានណែនាំដល់ពលរដ្ឋអាហ្សង់ទីនកាលពីថ្ងៃអង្គារ ទី១៧ ខែធ្នូ ឱ្យចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីមានការចាប់ខ្លួនមន្ត្រីសន្តិសុខអាហ្សង់ទីនម្នាក់ ដោយរដ្ឋាភិបាលរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro)។

ក្នុងអំឡុងសន្និសីទសារព័ត៌មាន លោក Adorni បានបញ្ជាក់អំពីហានិភ័យដែលទាក់ទងទៅនឹងការធ្វើដំណើរទៅកាន់ប្រទេសវេណេស៊ុយអេឡា និងបានចាត់ទុករដ្ឋាភិបាលរបស់ប្រទេសនេះថាជា «របបដ៏ឃោរឃៅ»។
លោក Nahuel Gallo ជាតម្រួតរបស់ប្រទេសអាហ្សង់ទីន ត្រូវបានឃុំខ្លួនក្នុងប្រទេសវេណេស៊ុយអេឡា ខណៈលោកទៅសួរសុខទុក្ខក្រុមគ្រួសារដោយស្របច្បាប់ ដែលករណីបែបនេះ ធ្វើឲ្យទំនាក់ទំនងផ្នែកការទូតរវាងប្រទេសអាហ្សង់ទីន និងវ៉េណេស៊ុយអេឡា កាន់តែតានតឹងថែមទៀត។

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន លោក Gerardo Werthein បានចាត់ទុកការឃុំខ្លួនលោក Gallo កាលពីថ្ងៃអង្គារថាជា «ការចាប់ជំរិតខុសច្បាប់»។ លោកបានរិះគន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ យុត្តិធម៌ និងសន្តិភាព របស់ប្រទេសវេណេស៊ុយអេឡា លោក Diosdado Cabello ចំពោះការចោទប្រកាន់លោក Gallo ពីបទចារកម្ម។
ប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei កាលពីថ្ងៃអង្គារ ទី១៧ ខែធ្នូ បានទាមទារ ឱ្យដោះលែងលោក Nahuel Gallo ជាបន្ទាន់ ជាអ្នកដែលត្រូវបានឃុំខ្លួនក្នុងប្រទេសវេណេស៊ុយអេឡា ក្នុងអំឡុងពេលសុន្ទរកថារបស់លោកនៅមហាវិទ្យាល័យយោធាជាតិ។