ប្រធានាធិបតីទួរគី លោក Tayyip Erdogan បាននិយាយកាលពីថ្ងៃអង្គារ ទី១៧ ខែធ្នូ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅទីក្រុងអង់ការ៉ា ថា រដ្ឋបាលរួមមួយគឺត្រូវការជាចាំបាច់នៅក្នុងប្រទេសស៊ីរី ហើយបានអំពាវនាវឱ្យសហភាពអឺរ៉ុប គាំទ្រការវិលត្រឡប់ទៅវិញរបស់ពលរដ្ឋស៊ីរី ជាអ្នកដែលបានភៀសខ្លួនក្នុងអំឡុងសង្គ្រាមស៊ីវិលរយៈពេល ១៣ឆ្នាំរបស់ប្រទេសនេះ។

រដ្ឋលោកខាងលិច កំពុងបើកបណ្តាញជាបណ្តើរៗដល់អាជ្ញាធរថ្មីនៅទីក្រុងដាម៉ាស ដឹកនាំដោយក្រុមអ៊ីស្លាមនិយម Hayat Tahrir al-Sham (HTS) ទោះបីជាប្រទេសលោកខាងលិចនៅតែបន្តចាត់ទុកក្រុមនេះជាក្រុមភេរវករ ក៏ដោយ។

លោក Erdogan និយាយថា ពុំមានកន្លែងសម្រាប់អ្វីដែលលោកហៅថា អង្គការភេរវករនៅក្នុងតំបន់នោះទេ ដោយនិយាយសំដៅពិសេសទៅលើក្រុមរដ្ឋអ៊ីស្លាម និងក្រុមសកម្មប្រយុទ្ធឃឺដ។
រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan ធ្លាប់បានលើកឡើងពីសារៈសំខាន់នៃដំណើរការអន្តរកាលរួមនៅក្នុងប្រទេសស៊ីរី។
លោក Erdogan ក៏បានអំពាវនាវផងដែរដល់សហភាពអឺរ៉ុប ឱ្យគាំទ្រការវិលត្រឡប់ទៅវិញរបស់ប្រជាជនស៊ីរី ដែលបានភៀសខ្លួនពីសង្គ្រាម ដែលពួកគេរាប់លាននាក់បានចូលទៅក្នុងប្រទេសទួរគី។
លោកស្រី Von der Leyen បាននិយាយថា សហភាពអឺរ៉ុប នឹងបន្តគាំទ្រប្រទេសស៊ីរី ដោយផ្តោតលើការស្តារឡើងវិញ ហើយកិច្ចពិភាក្សាដើម្បីដកទណ្ឌកម្មលើទីក្រុងដាម៉ាស អាចនឹងចាប់ផ្តើមនៅពេលដែល «វឌ្ឍនភាពពិតប្រាកដ លើការផ្លាស់ប្តូរដោយសន្តិវិធី» ត្រូវបានគេមើលឃើញនៅលើដែនដីនេះ។