រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន អាចសម្រេចបាននូវ«បញ្ហាធំៗជាច្រើន» ប្រសិនបើទីក្រុងទាំងពីរធ្វើការរួមគ្នា មុនការចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នៅខែក្រោយ។ ប៉ុន្តែអ្នកការទូតជាន់ខ្ពស់ លោក Wang Yi ក៏បានព្រមានប្រឆាំងនឹងអ្វីដែលលោកហៅថា «ជាការលូកដៃចូលដ៏គឃ្លើនរបស់សហរដ្ឋអាមេរិក លើបញ្ហាកោះតៃវ៉ាន់»។

ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក បានខ្វែងគំនិតគ្នាលើបញ្ហាជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មានចាប់ពីបញ្ហាពាណិជ្ជកម្ម និងបច្ចេកវិទ្យា រហូតដល់សិទ្ធិមនុស្ស និងការអះអាងកាន់តែកើនឡើងរបស់ចិនជុំវិញបញ្ហាកោះតៃវ៉ាន់។ លោក Wang បាននិយាយថា គោលនយោបាយរបស់ប្រទេសចិនចំពោះសហរដ្ឋអាមេរិក «មិនបានផ្លាស់ប្តូរទេ» ក្នុងអំឡុងពេលថ្លែងសុន្ទរកថាកាលពីថ្ងៃអង្គារ នៅទីក្រុងប៉េកាំង។

លោកបាននិយាយថា ក្រុមការងារសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ លើការគ្រប់គ្រងគ្រឿងញៀនឆ្លងព្រំដែន «បង្ហាញយ៉ាងពេញលេញថា ដរាបណាប្រទេសចិន និងសហរដ្ឋអាមេរិកសហការគ្នា យើងអាចសម្រេចបាននូវបញ្ហាធំៗជាច្រើន»។ ទោះជាយ៉ាងណា លោកក៏បានព្រមានដដែលៗអំពីកោះតៃវ៉ាន់ ដោយនិយាយថាទីក្រុងប៉េកាំង «ប្រឆាំងដាច់ខាតចំពោះការដាក់គំនាបដោយខុសច្បាប់ និងមិនសមហេតុផលដោយសហរដ្ឋអាមេរិក ជាពិសេសការលូកដៃចូលដ៏គឃ្លើននៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន» រួមទាំងស្ថានភាពរបស់កោះស្វ័យគ្រប់គ្រងមួយនេះ។
លោក Wang បាននិយាយថា «យើងត្រូវតែឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងរឹងមាំ ការពារយ៉ាងខ្លាំងក្លានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ផ្ទាល់របស់យើង និងការពារបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ»។