អង្គការណាសា (NASA) បាននិយាយកាលពីថ្ងៃអង្គារ (១៧ ធ្នូ) ថា អវកាសយានិកអាមេរិកពីរនាក់ ដែលជាប់គាំងអស់ជាច្រើនខែនៅលើស្ថានីយអវកាសអន្តរជាតិ ISS នឹងបន្តនៅទីនោះយ៉ាងហោចណាស់រហូតដល់ចុងខែមីនា ឆ្នាំ២០២៥ ដែលជាការពន្យារពេលមួយផ្សេងទៀតនៅក្នុងបេសកកម្មនាំអ្នកទាំងពីរមកផែនដីវិញ។

អវកាសយានិកជើងចាស់ លោក បាច់ វីលម័រ (Butch Wilmore) និងលោកស្រី ស៊ូនី វីលៀម (Suni Williams) បានទៅដល់ស្ថានីយអវកាស ក្នុងខែមិថុនា នៅលើយាន ស្តារឡាញនើ (Starliner) របស់ក្រុមហ៊ុនប៊ូអ៊ីង (Boeing) ហើយត្រូវចំណាយពេល ៨ថ្ងៃប៉ុណ្ណោះនៅក្នុងបន្ទប់ពិសោធន៍គន្លងគោចរ។

ប៉ុន្តែបញ្ហាបានកើតឡើងជាមួយនឹងប្រព័ន្ធម៉ាស៊ីនជំរុញរបស់យាន Starliner ក្នុងអំឡុងពេលហោះហើរ ដូច្នេះណាសា បានសម្រេចចិត្តបញ្ជូនវាមកផែនដីវិញ ដោយពុំមានអវកាសយានិកទាំងពីរនោះមកជាមួយទេ ហើយមានបំណងនាំពួកគេមកផែនដីវិញជាមួយបេសកកម្ម SpaceX ឈ្មោះថា Crew-9 ដែលមានអវកាសយានិក ២នាក់ផ្សេងទៀត។ ផែនការដើមគឺឱ្យអ្នកទាំងបួនត្រឡប់មកវិញក្នុងខែកុម្ភៈ ឆ្នាំ២០២៥។
ប៉ុន្តែណាសាបាននិយាយនៅថ្ងៃអង្គារថា បេសកកម្ម Crew-10 ដែលនឹងជួយសម្រួលដល់ Crew-9 និងអវកាសយានិកដែលជាប់គាំងទាំងនោះ ឥឡូវនេះនឹងមិនត្រូវបាញ់បង្ហោះមុនខែមីនា ឆ្នាំ២០២៥ ទេ ដែលមានន័យថា អវកាសយានិកទាំងនោះនឹងបន្តនៅលើស្ថានីយអវកាសសម្រាប់រយៈពេលប៉ុន្មានខែទៀត៕