ប្រមុខការទូតចិន លោក Wang Yi នៅថ្ងៃអង្គារ (១៧ ធ្នូ) បានអំពាវនាវឱ្យរដ្ឋបាលអាមេរិកថ្មីរបស់លោក Donald Trump "ធ្វើការជ្រើសរើសត្រឹមត្រូវ" ដើម្បីពង្រឹងទំនាក់ទំនង ខណៈទីក្រុងប៉េកាំង ប្តេជ្ញាធ្វើជាអ្នកជំរុញសន្តិភាព និងស្ថិរភាព ស្របពេលភាពមិនប្រាកដប្រជាជាសកល ដែលរំពឹងទុកនៅឆ្នាំក្រោយ។

លោក Wang បាននិយាយនៅឯសន្និសីទស្តីពីស្ថានភាពអន្តរជាតិ និងទំនាក់ទំនងបរទេសរបស់ចិន ក្នុងសុន្ទរកថាជិត ៤០នាទីរបស់ខ្លួនថា "ឆ្នាំក្រោយនេះ ស្ថានភាពអន្តរជាតិមិនច្បាស់លាស់ ហើយកត្តាមិនស្ថិតស្ថេរជាំច្រើននឹងកើនឡើងយ៉ាងខ្លាំង"។

លោកបន្តថា "យើងសង្ឃឹមថារដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក នឹងធ្វើការជ្រើសរើសត្រឹមត្រូវ ពិភាក្សាជាមួយចិន បញ្ឈប់ការជ្រៀតជ្រែកទាំងអស់ ជំនះឧបសគ្គ ខិតខំពង្រឹងទំនាក់ទំនងចិន-អាមេរិក និងសម្រេចបាននូវការអភិវឌ្ឍយូរអង្វែង" ដោយបន្ថែមថា ចិននៅតែបើកចំហចំពោះការសន្ទនា។

ទំនាក់ទំនងអាមេរិក-ចិន ធ្លាក់ដល់ចំណុចទាបខ្លាំងក្នុងប្រវត្តិសាស្រ្ត ដោយសារបញ្ហាជាច្រើនក្នុងប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែមហាអំណាចទាំងពីរក៏បាននឹងកំពុងប្រឹងប្រែងស្ដារទំនាក់ទំនង និងកំណត់ជំហររបស់ពួកគេនៅមុនការវិលត្រឡប់ទៅកាន់សេតវិមានរបស់លោក Trump៕