ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយថា អាជ្ញាធរអ៊ីស្រាអែល កាលពីថ្ងៃអង្គារបានបដិសេធបេសកកម្មជំនួយចំនួនបីលើកទៀត ដែលដឹកនាំដោយអង្គការសហប្រជាជាតិ ទៅកាន់តំបន់ដែលត្រូវបានហ៊ុមព័ទ្ធនៅតំបន់ហ្កាហ្សាខាងជើង ដោយបន្ថែមទៅលើបេសកកម្មចំនួន៣៨លើក ដែលពួកគេបានរារាំង កាលពីដើមខែ នេះ។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា អ៊ីស្រាអែលបានរារាំងបេសកកម្មបន្ថែមដែលមានផែនការនាំយកស្បៀងអាហារ និងទឹក ទៅកាន់តំបន់នោះនៅចន្លោះពីថ្ងៃទី១ និងទី១៦ ខែធ្នូ។
អង្គការ OCHA បាននិយាយថា «បេសកកម្មជំនួយដឹកនាំដោយអង្គការសហប្រជាជាតិ ទៅកាន់តំបន់ហ្កាហ្សាខាងជើង នៅតែត្រូវបានបដិសេធយ៉ាងដាច់ខាត ជាពិសេសអ្នកដែលព្យាយាមចូលទៅដល់តំបន់ដែលត្រូវបានហ៊ុមព័ទ្ធ។

អង្គការនេះ បាននិយាយថា ជនស៊ីវិលដែលនៅសេសសល់ក្នុងអំឡុងពេលហ៊ុមព័ទ្ធ ត្រូវតែបានការពារ ហើយតម្រូវការចាំបាច់របស់ពួកគេត្រូវតែត្រូវបានបំពេញ។ អាជ្ញាធរត្រូវតែសម្របសម្រួលការងាររបស់អង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌ ដែលបាននិងកំពុងព្យាយាមផ្តល់ស្បៀងអាហារ ទឹក សុខភាព និងជំនួយសំខាន់ៗផ្សេងទៀត។
អគ្គនាយកអង្គការសុខភាពពិភពលោក(WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា បេសកកម្មចំនួនបួនលើកផ្សេងទៀត ដែលគ្រោងនឹងទៅដល់មន្ទីរពេទ្យ ត្រូវបានបដិសេធយ៉ាងបំពានកាលពីសប្តាហ៍មុន រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់ពង្រាយក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់អន្តរជាតិឡើងវិញ ដែលត្រូវជម្លៀសខ្លួនចេញពីមន្ទីរពេទ្យកាលពី១១ថ្ងៃមុន ដោយសារតែអរិភាព។