រដ្ឋាភិបាលសហព័ន្ធកាណាដា កាលពីថ្ងៃអង្គារ បានប្រកាសផែនការថ្មីដើម្បីពង្រឹងសន្តិសុខនៅព្រំដែន និងពង្រឹងប្រព័ន្ធអន្តោប្រវេសន៍។ នេះ គឺដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក Donald Trump ក្នុងការដាក់ពន្ធ២៥ភាគរយលើការនាំចូលទាំងអស់របស់ប្រទេសកាណាដា លុះត្រាតែ កាណាដា បញ្ឈប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងការរត់ពន្ធ សារធាតុហ្វង់តានីលអាភៀន ចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយការិយាល័យសុវត្ថិភាពសាធារណៈកាណាដា បានឲ្យដឹងថា ផែនការថ្មីរួមមានសសរស្តម្ភចំនួនប្រាំ មានការរកឃើញនិងបង្អាក់ពាណិជ្ជកម្ម សារធាតុហ្វង់តានីលជាមធ្យោបាយថ្មីសម្រាប់ការអនុវត្តច្បាប់ បង្កើនការសម្របសម្រួលប្រតិបត្តិការ បង្កើនការចែករំលែកព័ត៌មាន និងកាត់បន្ថយចំនួនច្រកព្រំដែនដែលមិនចាំបាច់។

លោក Dominic LeBlanc រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាននិយាយថា «វាជាជំហានដ៏សំខាន់មួយដើម្បីបង្ហាញជនជាតិកាណាដា និងដៃគូអាមេរិករបស់យើងថា យើងចែករំលែកការព្រួយបារម្ភរបស់ពួកគេជុំវិញសន្តិសុខព្រំដែន និងបូរណភាពព្រំដែន» ហើយលោកជំរុញការសន្ទនាជាមួយក្រុមការងារដែលចូលកាន់តំណែងនៅពេលខាងមុខរបស់លោក Trump ។
នៅក្នុងសេចក្តីថ្លែងការណ៍សេដ្ឋកិច្ចបានឲ្យដឹងថា រដ្ឋាភិបាលសហព័ន្ធ បានកំណត់ថវិកាចំនួន១,៣ ពាន់លានដុល្លារកាណាដា ឬ៩០៧លានដុល្លារអាមេរិក ក្នុងរយៈពេលប្រាំមួយឆ្នាំ ដើម្បីពង្រឹងសន្តិសុខព្រំដែនសហរដ្ឋអាមេរិក-កាណាដា។