មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារ (ទី១៧ ខែធ្នូ) បានជំរុញឲ្យមហាអំណាចពិភពលោក និងអ៊ីរ៉ង់ ធ្វើការជាបន្ទាន់ ដើម្បីស្ដារឡើងវិញនូវកិច្ចព្រមព្រៀងឆ្នាំ២០១៥ ពោលជាកិច្ចព្រមព្រៀងដែលបានដកទណ្ឌកម្មលើទីក្រុងតេអេរ៉ង់ ជាថ្នូរនឹងការរឹតបន្តឹងលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ដោយព្រមានថា «ជោគជ័យ ឬបរាជ័យ គឺសំខាន់ សម្រាប់យើងទាំងអស់គ្នា»។
គួររំលឹកថា កិច្ចព្រមព្រៀងរបស់អ៊ីរ៉ង់ ជាមួយប្រទេសអង់គ្លេស អាល្លឺម៉ង់ បារាំង សហរដ្ឋអាមេរិក រុស្ស៊ី និងចិន ត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA)។ សហរដ្ឋអាមេរិកបានចាកចេញពីកិច្ចព្រមព្រៀងនេះ ក្នុងឆ្នាំ២០១៨ អំឡុងអាណត្តិដំបូងរបស់លោក Donald Trump ក្នុងនាមជាប្រធានាធិបតី ហើយអ៊ីរ៉ង់បានចាប់ផ្តើមងាកចេញពីការប្តេជ្ញាចិត្តទាក់ទងនឹងនុយក្លេអ៊ែររបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងនេះ។
ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិក គឺលោក Robert Wood បានប្រាប់ក្រុមប្រឹក្សាថា៖ «ទោះបីជាការទូត គឺជាជម្រើសដ៏ល្អបំផុតក៏ដោយ ក៏សហរដ្ឋអាមេរិកដឹងច្បាស់ដែរថា បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ មិនអាចជាជម្រើសបានទេ។ យើងបានត្រៀមប្រើគ្រប់ផ្នែកនៃអំណាចរបស់ជាតិ ដើម្បីធានាដល់លទ្ធផលនោះ»។
អ្នកការទូតអ៊ឺរ៉ុប និងអ៊ីរ៉ង់ បានជួបប្រជុំគ្នាកាលពីចុងខែមុន ដើម្បីពិភាក្សាថា តើពួកគេអាចធ្វើការយ៉ាងដូចម្ដេច ដើម្បីលុបបំបាត់ភាពតានតឹង ក្នុងតំបន់នេះ ក្នុងនោះរួមទាំងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ មុនពេលដែលលោក Trump ត្រលប់ទៅកាន់សេតវិមានវិញ ក្នុងខែមករា សម្រាប់អាណត្តិទី២ រយៈពេល ៤ឆ្នាំ។
ដោយបានបញ្ជាក់ពីកិច្ចព្រមព្រៀងនៅក្នុងសេចក្ដីសម្រេចឆ្នាំ២០១៥ ប្រធានផ្នែកកិច្ចការនយោបាយរបស់ UN លោកស្រី Rosemary DiCarlo បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា៖ «ពេលវេលា គឺមានសារៈសំខាន់ណាស់។ ខណៈពេលដែលការទទួលខុសត្រូវ គឺស្ថិតនៅលើអ្នកចូលរួម JCPOA និងសហរដ្ឋអាមេរិក ភាពជោគជ័យ ឬបរាជ័យរបស់ពួកគេ គឺមានសារៈសំខាន់ ចំពោះយើងទាំងអស់គ្នា។ តំបន់នេះមិនអាចឲ្យមានអស្ថិរភាពបន្ថែមទៀតទេ»៕