ប្រទេសវៀតណាមនឹងបង្ហាញអាវុធផលិតក្នុងស្រុក នៅឯពិព័រណ៍អាវុធអន្តរជាតិ ក្នុងទីក្រុងហាណូយ នាថ្ងៃព្រហស្បតិ៍ (ទី១៩ ខែធ្នូ) ខណៈដែលប្រទេសនេះប្រឹងប្រែងជំរុញឧស្សាហកម្មក្នុងស្រុករបស់ខ្លួន ហើយអាចនាំចេញគ្រឿងយុទ្ធោបករណ៍យោធា។
ក្នុងចំណោមអ្នកតាំងពិព័រណ៍ជិត ២៥០ នឹងមានក្រុមហ៊ុនការពារជាតិធំៗជាងគេជាច្រើន ក្នុងនោះរួមទាំងក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក អឺរ៉ុប ទួរគី និងបណ្តាប្រទេសដែលកំពុងមានសង្រ្គាមជាមួយគ្នា ដូចជាអ៊ីស្រាអែល អ៊ីរ៉ង់ រុស្ស៊ី និងអ៊ុយក្រែនជាដើម។
គួរបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គឺជាប្រទេសនាំចូលអាវុធដ៏សំខាន់ ជាពិសេសពីរុស្ស៊ី ដោយបានដាក់ទុនអស់ជាច្រើនឆ្នាំលើសមត្ថភាពការពារជាតិរបស់ខ្លួន នៅក្នុងតំបន់ដែលមិនមានស្ថិរភាព ជាទីដែលខ្លួន បានប៉ះទង្គិចជាមួយប្រទេសចិន ជុំវិញព្រំដែន នៅសមុទ្រចិនខាងត្បូង។
មន្ត្រីក្រសួងការពារជាតិ បានលើកឡើងម្តងហើយម្តងទៀតថា ថ្មីៗនេះ ប្រទេសនេះក៏បានជំរុញឧស្សាហកម្មការពារជាតិក្នុងស្រុករបស់ខ្លួន ហើយការលើកកម្ពស់ការនាំចេញផលិតផលយោធា ឥឡូវនេះ គឺជាអាទិភាពមួយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងការពារជាតិ បានឲ្យដឹងថា ក្រុមហ៊ុនការពារជាតិគ្រប់គ្រងដោយរដ្ឋ Viettel និងក្រុមហ៊ុនក្នុងស្រុកផ្សេងទៀត នឹងដាក់បង្ហាញប្រព័ន្ធការពារមីស៊ីល យានដ្រូន រ៉ាដាការពារដែនអាកាស រថពាសដែក និងកាំភ្លើងធំ៕