អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយកាលពីថ្ងៃអង្គារថា បទឈប់បាញ់ រវាងទួរគី និងកងកម្លាំងស៊ីរីឃើដ (SDF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅជុំវិញទីក្រុង Manbij ភាគខាងជើងនៃប្រទេសស៊ីរី ត្រូវបានពន្យារពេលរហូតដល់ចុងសប្តាហ៍នេះ។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានសម្រុះសម្រួលឲ្យមានបទឈប់បាញ់ដំបូង កាលពីសប្តាហ៍មុន បន្ទាប់ពីមានការប្រយុទ្ធគ្នា ដែលបានផ្ទុះឡើងនៅដើមខែនេះ ខណៈដែលក្រុមឧទ្ទាមបានរុលទៅដល់ទីក្រុងដាម៉ាស និងបានផ្តួលរំលំការគ្រប់គ្រងរបស់លោក Bashar al-Assad ។
នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អមដោយការបន្ថែមថា សហរដ្ឋអាមេរិកចង់ឲ្យបទឈប់បាញ់ត្រូវបានបន្តឲ្យបានយូរតាមដែលអាចធ្វើទៅបាន លោក Miller បានប្រាប់ថា៖ «យើងបន្តចូលរួមជាមួយក្រុម SDF ជាមួយទួរគី ដើម្បីពិភាក្សាអំពីផ្លូវឆ្ពោះទៅមុខ»។
លោកបានសង្កត់ធ្ងន់ថា៖ «យើងមិនចង់ឃើញភាគីណាមួយទាញយកផលប្រយោជន៍ពីស្ថានភាពអស្ថិរភាពបច្ចុប្បន្ននេះឡើយ ពោលគឺជាអ្វីដែលជួយឲ្យបានផលប្រយោជន៍តិចតួច ដោយចំណាយផលប្រយោជន៍ជាតិស៊ីរីដ៏ទូលំទូលាយ»។
ក្រុម SDF គឺជាសម្ព័ន្ធមិត្តដ៏សំខាន់នៅក្នុងក្រុមចម្រុះរបស់សហរដ្ឋអាមេរិក ដែលប្រយុទ្ធប្រឆាំងជាមួយពួកសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម នៅប្រទេសស៊ីរី។ ក្រុមនេះត្រូវបានដឹកនាំដោយកងជីវពល YPG ជាក្រុមដែលទីក្រុងអង់ការ៉ាចាត់ទុកថា ជាផ្នែកនៃក្រុមសកម្មប្រយុទ្ធ Kurdistan Workers Party (PKK) ដែលបានបំពានច្បាប់ និងដែលបានប្រយុទ្ធជាមួយរដ្ឋទួរគីអស់រយៈពេល ៤០ឆ្នាំមកហើយ៕