កម្មវិធីស្បៀងអាហារពិភពលោក (WFP) កាលពីថ្ងៃអង្គារ បាននិយាយថា ការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនៅក្នុងប្រទេសស៊ូដង់ កំពុងរារាំងជំនួយមនុស្សធម៌មិនឲ្យទៅដល់បណ្តាតំបន់គ្រោះថ្នាក់ដោយទុរ្ភិក្ស។
អង្គការ WFP បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការប្រយុទ្ធគ្នា នៅក្នុងស្រុក Um Rawwaba ភាគខាងជើងរដ្ឋ Kordofan បានរារាំងក្បួនរថយន្តមិនឲ្យទៅដល់តំបន់ហានិភ័យដោយគ្រោះទុរ្ភិក្ស នៅក្នុងរដ្ឋ Kordofan ខាងជើង និងខាងត្បូង រួមទាំងទីក្រុង Kadugli និងទីក្រុងDilling»។
រថយន្តដឹកជំនួយទាំងនោះ ត្រូវបានបង្ខំឲ្យត្រឡប់ទៅទីតាំងដែលមានសុវត្ថិភាពជាងមុន ហើយកំពុងរង់ចាំការប្តូរទិសទៅកាន់តំបន់ ដែលអាចចូលទៅដល់ផ្សេងទៀត នៅក្នុងរដ្ឋ Kordofanខាងត្បូង និងរដ្ឋ Blue Nile ខណៈដែលស្ថានភាពនោះ អនុញ្ញាតឲ្យ។
WFP បានកត់សម្គាល់ថា សូម្បីតែច្រករបៀងដែលមានហើយនោះ ក៏មានគ្រោះថ្នាក់ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារការប្រយុទ្ធគ្នា និងការបាញ់ផ្លោងកាន់តែខ្លាំងឡើង។
អង្គការ UN បានបញ្ជាក់ថា នៅក្នុងខែតុលា ខ្លួនបានផ្តល់អាហារ សាច់ប្រាក់ និងជំនួយអាហារូបត្ថម្ភដល់ប្រជាជនចំនួន ២,៨លាននាក់ នៅទូទាំងប្រទេស។ ឥឡូវនេះ អង្គការនេះ កំពុងធ្វើការដើម្បីផ្តល់ជំនួយអាហារ និងអាហារូបត្ថម្ភសំខាន់ៗ ទៅកាន់កន្លែងមានប្រជាជនស្រេកឃ្លាកចំនួន ១៤កន្លែង ដែលភាគច្រើន ស្ថិតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ គឺនៅតំបន់Darfur រដ្ឋ Kordofan ទីក្រុង Khartoum និងរដ្ឋ Gezira ជទីដែលជម្លោះ នៅតែបន្តកើនឡើង។
រដ្ឋាភិបាលស៊ូដង់នាពេលថ្មីៗនេះ បានប្រកាសថា ប្រជាជនចំនួន ២៨,៩ លាននាក់ នៅក្នុងប្រទេសនេះ ត្រូវការជំនួយមនុស្សធម៌ ដោយសារតែជម្លោះដែលកំពុងបន្តរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស ដែលបានផ្ទុះឡើងនៅពាក់កណ្តាលខែមេសា ឆ្នាំ ២០២៣។