មេបញ្ជាការកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយឃើដ លោក Mazloum Abdi បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួន មានឆន្ទៈក្នុងការស្នើសុំ «តំបន់គ្មានយោធា» នៅក្នុងទីក្រុងព្រំដែន Kobani នៃតំបន់ជនបទភាគខាងជើងនៃទីក្រុងអាឡិបប៉ូ (Aleppo)។
លោកបានធ្វើការអត្ថាធិប្បាយ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយបង្ហាញពីការត្រៀមខ្លួនរបស់ កងកម្លាំង SDF ក្នុងការបង្កើតតំបន់ទ្រនាប់ នៅព្រំដែន Kobani ជាមួយនឹងការដាក់ពង្រាយកងកម្លាំងសន្តិសុខឡើងវិញ ក្រោមការត្រួតពិនិត្យ និងវត្តមានរបស់សហរដ្ឋអាមេរិក។ លោកបាននិយាយថា ចំណាត់ការនេះ មានគោលបំណង «ដោះស្រាយកង្វល់សន្តិសុខទួរគី និងធានាស្ថិរភាពយូរអង្វែង ក្នុងតំបន់»។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ កងកម្លាំង SDF បានចោទប្រកាន់ប្រទេសទួរគី ពីបទរៀបចំការវាយលុកប្រឆាំងនឹងទីក្រុង Kobani ដោយអះអាងថា កងកម្លាំងទួរគី និងក្រុមយុទ្ធជនសម្ព័ន្ធមិត្តបានប្រមូលផ្តុំអាវុធធុនធ្ងន់ នៅជិតទីក្រុងនេះ។ កងកម្លាំងឃឺដគាំទ្រដោយសហរដ្ឋអាមេរិក បានដកខ្លួនចេញពីទីក្រុង Manbij ដែលជាទីក្រុងយុទ្ធសាស្ត្រ នៅភាគខាងជើងខេត្តអាឡិបប៉ូ ដែលពួកគេបានគ្រប់គ្រង ចាប់តាំងពីការដណ្តើមបានវាពីក្រុមរដ្ឋឥស្លាម ក្នុងឆ្នាំ ២០១៦។
ដោយលើកឡើងពីការព្រួយបារម្ភអំពីយុទ្ធជនឃើដ នៅជិតព្រំដែនភាគខាងត្បូងរបស់ខ្លួន ប្រទេសទួរគី បានបង្ហាញចំណាប់អារម្មណ៍ជាយូរមកហើយ ក្នុងការជំរុញឲ្យកម្លាំងទាំងនោះ ចេញពីតំបន់ព្រំដែន។
ចាប់តាំងពីឆ្នាំ ២០១៦ មក ទីក្រុងអង់ការ៉ា បានធ្វើប្រតិបត្តិការយោធាជាច្រើន នៅភាគខាងជើងប្រទេសស៊ីរី ដោយដណ្តើមយកទឹកដីព្រំដែនយ៉ាងទូលំទូលាយ។