ការលាលែងពីតំណែងដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ឧបនាយករដ្ឋមន្ត្រីកាណាដា កំពុងជំរុញឲ្យមានការអំពាវនាវថ្មី ដើម្បីឲ្យមានលាលែងពីតំណែងរបស់លោក Justin Trudeau ដែលប្រជាប្រិយភាពកំពុងធ្លាក់ចុះបន្ថែមទៀត ចំពេលមានការវាយប្រហារពីក្រុមប្រឆាំង និងការគំរាមកំហែងពន្ធគយរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ។
លោកស្រី Chrystia Freeland បន្ទាប់ពីបានឈរខាងលោក Trudeau ជិត ១ទសវត្សរ៍ បានធ្វើសេចក្តីប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី១៧ ខែធ្នូ ក្រោយមិនយល់ស្របជាមួយនាយករដ្ឋមន្ត្រី ជុំវិញសំណើពន្ធរបស់លោក Trump។
ចំណាត់ការនេះបានបង្ហាញពីការមិនពេញចិត្តជាចំហលើកដំបូង ប្រឆាំងនឹងលោក Trudeau ពីក្នុងគណៈរដ្ឋមន្ត្រីរបស់លោក ហើយបានជួយជំរុញអ្នករិះគន់លើរូបកាន់តែបន្ថែមសកម្មភាពខ្លាំងឡើងៗ។ នៅពេលព័ត៌មានបានកើតមានឡើង អភិបាលខេត្តរបស់កាណាដា កំពុងប្រជុំ អំពីការគំរាមកំហែងរបស់លោក Trump ក្នុងការដំឡើងពន្ធ ២៥ភាគរយលើការនាំចូលរបស់កាណាដា។
នៅក្នុងលិខិតលាលែងពីតំណែង លោកស្រី Freeland បាននិយាយថា ប្រទេសនេះជួបប្រទះនឹង «បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ»។ លោកស្រី Freeland បានព្រមានថា ការប្រឈមមុខដាក់គ្នា អាចនាំឲ្យមាន «សង្រ្គាមពន្ធ» ជាមួយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ការនាំចេញរបស់កាណាដាជាង ៧៥ភាគរយ ទៅសហរដ្ឋអាមេរិក ហើយការងាររបស់កាណាដាជិត ២លាន ពឹងផ្អែកលើពាណិជ្ជកម្មនេះ។
លោក Trudeau បានបង្ហាញវត្តមាន ដើម្បីសម្រាលដល់ស្ថានភាពចម្រូងចម្រាសនេះ នៅឯកម្មវិធីរៃអង្គាសប្រាក់ កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ដោយគ្រាន់តែនិយាយថា នេះ «មិនមែនជាថ្ងៃងាយស្រួលនោះទេ»៕