យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធនេះថា ខ្លួននឹងធ្វើសមយុទ្ធ នៅសប្តាហ៍នេះ ក្នុងគោលបំណងពង្រឹងសមត្ថភាពឆ្លើយតបរបស់ខ្លួនប្រឆាំងនឹងការជ្រៀតចូលដោយយានដ្រូនរបស់កូរ៉េខាងជើង ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការបង្កហេតុពីកូរ៉េខាងជើង។
សមយុទ្ធដែលគ្រោងធ្វើ នៅរសៀលថ្ងៃព្រហស្បតិ៍ នឹងក្លែងធ្វើការវាយប្រហារដោយកូរ៉េខាងជើង ដែលមានការចូលរួមដោយយានដ្រូនជាច្រើនគ្រឿង នៅក្នុងសមុទ្រខាងកើត និងសមុទ្រលឿង ក៏ដូចជាតំបន់នៅផ្នែខាងក្រោយ។ នេះបើយោងតាមអគ្គសេនាធិការចម្រុះ (JCS)។
អគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា អង្គភាពដែលចូលរួម រួមទាំងទីបញ្ជាការប្រតិបត្តិការជើង គោករបស់កងទ័ព ក៏ដូចជាទីបញ្ជាការប្រតិបត្តិការរបស់កងទ័ពជើងទឹក និងកងទ័ពអាកាស នឹងធ្វើការសម្របសម្រួលការឆ្លើយតប ដើម្បីស្វែងរក កំណត់អត្តសញ្ញាណ និងបាញ់ទម្លាក់យានដ្រូនសត្រូវ។
យោធាបានធ្វើសមយុទ្ធការពារជាទៀងទាត់ប្រឆាំងនឹងការជ្រៀតចូលនៃយានដ្រូនរបស់កូរ៉េខាងជើង ចាប់តាំងពីយានដ្រូនចំនួន ៥គ្រឿង របស់កូរ៉េខាងជើង បានឆ្លងចូលទៅក្នុងដែនអាកាសកូរ៉េខាងត្បូង ក្នុងខែធ្នូ ឆ្នាំ ២០២២។