បាល់ទាត់៖ ហ៊ុល គីមហ៊ុយ ដែលបច្ចុប្បន្ននេះមានវ័យត្រឹម ២០ឆ្នាំនិង៦ខែត្រូវបានជ្រើសរើសជាអ្នកចាំទីល្អជាងគេប្រចាំពានរង្វាន់ Metfone Cambodian League 2020 បន្ទាប់ពីត្រូវបានប្រកាសក្នុងពិធីប្រគល់ពានរង្វាន់កាលល្ងាចថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ។
ការជ្រើសរើសជាអ្នកចាំទីល្អជាងគេនេះក្រោយពី គីហ៊ុយជួយឲ្យបឹងកេតលើកពានលីគកំពូល និងរួមចំណែកឲ្យក្រុមមានកំណត់ត្រា ប្រកួតមិនដែលចាញ់ក្នុងមួយរដូវកាលពេញ ហើយក្លាយជាក្រុមដំបូងគេប្រកួតមិនដែលចាញ់សោះក្នុងរយៈ១២ ឆ្នាំចុងក្រោយនេះ។ បឹងកេតឈ្នះ ១២ដង និងស្មើ ៥ដង។ បើមើលលើកំណត់ត្រាផ្ទាល់ខ្លួនរដូវកាលនេះ អតីតអ្នកចាំទីរបស់យុវជនបាទីមិនរបូតគ្រាប់បាល់ចំនួន៤លើក (Clean Sheet) ពេលឈ្នះ វិសាខា ១–០, ឈ្នះសូលទីឡូអង្គរ ៣–០, ឈ្នះនគរបាលជាតិ ៣–០ និងកងយោធពលខេមរភូមិន្ទ ៣–០ (ជើងទី២)។ ហ៊ុល គីមហ៊ុយ បានផ្លាស់ទៅលេងនៅបឹងកេតកាលចុងឆ្នាំ២០១៨ និងហ្វឹកហាត់ត្រៀមបើករដូវកាលថ្មី។ កាលឆ្នាំ២០១៩ ហ៊ុល គីមហ៊ុយ បានរួមចំណែកជួយឲ្យបឹងកេតឈ្នះពានសម្ដេច ហ៊ុន សែន និងជាប់ជាអ្នកចាំទីល្អជាងគេក្នុងពានរង្វាន់លំដាប់ទី២នេះ។
នោះជាជោគជ័យធំធេងក្នុងការបង្ហាញខ្លួនរដូវកាលដំបូង មុនពេលឈ្នះពានលីគកំពូលរដូវកាលទី២ របស់គេ។ រដូវកាលនេះគឺជាការលើកពានលីគកំពូលលើកទី៤ របស់បឹងកេត (២០១២, ២០១៦, ២០១៧, ២០២០) ប៉ុន្តែជាការឈ្នះពានធំៗចំនួនពីររបស់ គីមហ៊ុយ នៅបឹងកេតរយៈពេលពីរឆ្នាំជាប់គ្នាគឺ (ឆ្នាំ២០១៩ ឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លើកទី១៣ និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២០នៅរដូវកាលនេះ)៕
អត្ថបទ៖ ប៊ុនធឿន

