ក្រុមអ្នកស៊ើបអង្កេត នៅថ្ងៃពុធ (ទី១៨ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសរុស្ស៊ី បានចាប់ឃុំខ្លួនជនសង្ស័យ ក្នុងសំណុំរឿងធ្វើឃាតលើប្រមុខអង្គភាពអាវុធគីមីរបស់កងទ័ព ពោលគឺរយៈពេលមួយថ្ងៃបន្ទាប់ពីលោកឧត្តមសេនីយ៍ និងជំនួយការរបស់លោក ត្រូវបានសម្លាប់ដោយការបំផ្ទុះ នៅទីក្រុងមូស្គូ។
គណៈកម្មាធិការស៊ើបអង្កេត បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ជនជាតិអ៊ូសបេគីស្ថាន កើតនៅឆ្នាំ១៩៩៥ ត្រូវបានចាប់ខ្លួន ដោយសង្ស័យថា បានប្រព្រឹត្តការវាយប្រហារដែលបានសម្លាប់មេបញ្ជាការកងកម្លាំងការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តរបស់រុស្ស៊ី គឺលោក Igor Kirillov និងជំនួយការរបស់លោក គឺលោក Ilya Polikarpov»។
សេចក្ដីថ្លៃងការណ៍បានបន្ថែមថា ជននោះបាននិយាយថា រូបគេត្រូវបាន «ជួលដោយកងកម្លាំងពិសេសរបស់អ៊ុយក្រែន»។
គួរបញ្ជាក់ថា លោក Kirillov និងជំនួយការរបស់លោក ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ (ទី១៧ ខែធ្នូ) ខណៈដែលអុ្នកទាំង២ បានដើរចេញពីអគារផ្ទះល្វែង នៅទីក្រុងមូស្គូ នាព្រឹកព្រលឹម បន្ទាប់ពីឧបករណ៍បំផ្ទុះដែលភ្ជាប់ទៅនឹងម៉ូតូស្កូតទ័របានផ្ទុះឡើង។
សេចក្តីថ្លែងការណ៍បានបន្តទៀតថា ជនសង្ស័យបានប្រាប់អ្នកសួរចម្លើយថា រូបគេបានទៅដល់ទីក្រុងមូស្គូ ដើម្បីអនុវត្តការវាយប្រហារនេះ ហើយកាមេរ៉ាដែលដាក់នៅក្នុងរថយន្តជួលចតនៅខាងក្រៅអគារនោះ បានថតសកម្មភាពវាយប្រហារនោះ ហើយបានផ្សាយបន្តផ្ទាល់ទៅកាន់អ្នករៀបចំការវាយប្រហារ នៅទីក្រុង Dnipro (អ៊ុយក្រែន)។
សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា បុរសនោះត្រូវបានសន្យាផ្ដល់ប្រាក់ឲ្យចំនួន ១០០.០០០ដុល្លារ ដើម្បីអនុវត្តការវាយប្រហារនេះ ក៏ដូចជាឱកាសបានរស់នៅ «ក្នុងប្រទេសអ៊ឺរ៉ុប» ផងដែរ៕



