នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានបញ្ជាក់ថា ការងារនេសាទសមុទ្រខេត្តកំពត នៅតែមានដំណើរការល្អ ដោយសារមានការចូលរួមសហការគ្នាពីគ្រប់ភាគីពាក់ពាក់ព័ន្ធ ក្នុងការគោរពច្បាប់ និងការចូលរួមអភិរក្ស កាត់បន្ថយបទល្មើសនេសាទ ធ្វើឲ្យធនធានសមុទ្រមានការថយចុះយឺតខ្លាំង ជាក់ស្តែងឆ្នាំ២០២៤នេះ ខេត្តកំពតប្រមូលផលនេសាទសមុទ្របានជាង១ម៉ឺន៦ពាន់តោន គឺមិនមានការថយចុះទេ បើធៀបនឹងឆ្នាំ២០២៣កន្លងទៅ។
នាយខណ្ឌរដ្ឋបាលជលផល លោក ស សុរិន បានប្រាប់ឲ្យដឹងថា ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត ពិសេសប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ត្រីខណ្ឌរដ្ឋបាលជលផល របស់លោកបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងលើកងារងារ ផ្សព្វផ្សាយអប់រំច្បាប់ដល់ប្រជានេសាទ ការងារអភិរក្សធនធានសមុទ្រ បង្កើនការងារចុះល្បាត កាត់បន្ថយនូវបទល្មើសនេសាទ ធ្វើឲ្យធនធានសមុទ្រមាននិរន្តរភាព និងមានស្ថានភាពល្អប្រសើរ ហើយបងប្អូនប្រជានេសាទ អាចបន្តមុខរបរនេសាទដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបានយ៉ាងសមរម្យ។
លោកនាយខណ្ឌរដ្ឋបាលជលផលបានឲ្យដឹងថា សម្រាប់ឆ្នាំ២០២៤នេះ ការប្រមូលផលនេសាទសមុទ្រសរុបចំនួន ១៦ ៥៣៩តោន ដែលចំនួននេះប្រហាក់ប្រហែលនឹងផលនេសាទសមុទ្រឆ្នាំ២០២៣។ លោកបញ្ជាក់ថា ការមិនធ្លាក់ចុះនៃ ផលនេសាទសមុទ្រនេះ ដោយសារ ទី១. ការចូលរួមដាំ និងពង្រីកផ្ទៃដីព្រៃដើមកោងកាងបន្ថែម, ឆ្នាំ២០២៤ ការងារបណ្តុះកូនកោងកាងបាន៣៥០០០ដើម ហើយបានដាំជិត៥ម៉ឺនដើម (បូកកូនកោងកាងសល់ពីឆ្នាំចាស់) ទី២. ការងារអភិរក្ស, រដ្ឋបាលជលផលមានកិច្ចសហការល្អជាអាជ្ញាធរដែនដី អង្គការដៃគូក្រៅរដ្ឋាភិបាល បានរៀបចំតំបន់ការពារ ជ្រូកទឹក ផ្សោតសមុទ្រ អណ្តើកសមុទ្រ ត្រីសេះសមុទ្រ នៅតាមសហគមន៍ ដូចជា សហគមន៍ត្រពាំងសង្កែ ព្រែកត្នោត ត្រពាំងរពៅ និងសហគមន៍ចង្ហោន។ ទី៣.ការពារបទល្មើសនេសាទ, ការចូលរួមល្បាតតាមដែននេសាទសហគមន៍ ក៏ដូចជាដែនការពារជលផលជាប្រចាំ និងបានសហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) ទម្លាក់ប្រអប់សិប្បនិម្មិត (ប្រអប់បេតុង) នៅតាមតំបន់សំខាន់ៗ ដែលជាជម្រកសត្វកម្រ បានមួយចំនួន ហើយបន្តបោះបង្គោលបេតុង និងទម្លាក់ប្រអប់សិប្បនិមិត្តបន្ថែមទៀត ដើម្បីការពារ ការលួចចូលមកនេសាទដោយប្រើទូកធំៗ នៅក្នុងតំបន់ហាមឃាត់។
ជាលទ្ធផលឃើញថា ប្រភេទសត្វកម្របានវិលត្រឡប់មកវិញ ដូចជាផ្សោតផ្កាឈូកកើនឡើងដល់ជាង៧០ក្បាល ផ្សោតក្បាលត្រឡោកកើនប្រហែលជា៥០ក្បាល និងលេចចេញវត្តមានផ្សោតអត់ព្រុយខ្នងជាច្រើនផងដែរ នៅសហគមន៍ព្រែកត្នោត ត្រពាំងរពៅ និងចង្ហោន ។ ខណៈដែលក្រុមការងារសិក្សាស្រាវជ្រាវសត្វផ្សោតរបស់អង្គការអភិរក្សសមុទ្រកម្ពុជា បានប្រទះឃើញសត្វផ្សោតសរុបចំនួនជាង១៧០ក្បាល នៅសហគមន៍ព្រែកត្នោត។
ខេត្តកំពតមានស្មៅសមុទ្រចំនួន១១ប្រភេទលើផ្ទៃបាតសមុទ្រ៨ ៤៣៥ហិកតា ផ្កាថ្ម៩៥៣ហិកតា ព្រៃកោងកាង១៩៦៦ហិកតា និងទីតាំងអភិរក្សមានចំនួន ១៣កន្លែង។ កត្តាទាំងនេះហើយដែលជួយឲ្យការងារនេសាទ នៅតែមាននិរន្តរភាព ហើយការងារនេសាទ ជាផ្នែកមួយយ៉ាងសំខាន់ ជួយលើកកម្ពស់សេដ្ឋកិច្ចខេត្ត និងប្រជាជនពលរដ្ឋ៕








