ទិន្នន័យផ្លូវការ បានបង្ហាញនៅថ្ងៃពុធ (ទី១៨ ខែធ្នូ) នេះថា ប្រទេសជប៉ុនបានបង្កើតកំណត់ត្រាប្រចាំឆ្នាំថ្មី សម្រាប់ការមកដល់នៃភ្ញៀវទេសចរ ជាមួយនឹងពេលវេលានៃដំណាច់ឆ្នាំនៅសល់មួយខែទៀត ខណៈការធ្លាក់ថ្លៃប្រាក់យ៉េន បានជួយជំរុញកំណើនទេសចរណ៍របស់ប្រទេសនេះ។
ទិន្នន័យពីអង្គការទេសចរណ៍ជាតិជប៉ុន បានបង្ហាញថា ខែវិច្ឆិកា មានភ្ញៀវទេសចរបរទេសចំនួន ៣,១៩លាននាក់ សម្រាប់ផ្នែកអាជីវកម្ម និងការសម្រាកលម្ហែ ដែលនាំឲ្យចំនួនសរុប សម្រាប់ឆ្នាំ២០២៤ ឡើងដល់ ៣៣,៤លាននាក់ មកដល់ពេលនេះ។
ចំនួននោះបានបំបែកកំណត់ត្រាប្រចាំឆ្នាំកាលពីមុន ៣១,៩លាននាក់ ដែលបានកើតឡើងក្នុងឆ្នាំ២០១៩ ពោលគឺមុនពេលមានជំងឺរាតត្បាតកូវីដ-១៩ ដែលនាំឲ្យមានការបិទព្រំដែនពិភពលោក។
ការមកដល់របស់ភ្ញៀវទេសចរ ក្នុងខែវិច្ឆិកា បានធ្លាក់ចុះបន្តិចពីចំនួន ៣,៣១លាននាក់ នៅក្នុងខែតុលា ដែលជាចំនួនច្រើនបំផុត សម្រាប់រយៈពេលតែ ១ខែ ក្នុងកំណត់ត្រា៕

