ប្រទេសដាណឺម៉ាក ដែលគ្រប់គ្រងសន្តិសុខក្នុង និងជុំវិញដែនដី Greenland នៅថ្ងៃពុធ (ទី១៨ ខែធ្នូ) នេះ បានព្រមានពីការមានហានិភ័យខ្ពស់នៃការប្រឈមមុខដាក់គ្នាផ្នែកយោធា នៅតំបន់អាកទិក ដែលជំរុញដោយសកម្មភាពគំរាមកំហែងរបស់រុស្ស៊ី។
របាយការណ៍ប្រចាំឆ្នាំមួយរបស់សេវាស៊ើបការណ៍ការពារជាតិដាណឺម៉ាក បានបង្ហាញថា ភាពតានតឹងផ្នែកសន្តិសុខ កំពុងរីករាលដាលដល់តំបន់អាកទិក ដោយរុស្ស៊ីជ្រើសរើសអនុវត្តវិធីសាស្រ្តបង្កហានិភ័យជាងមុន និងកិច្ចសហប្រតិបត្តិការអន្តរជាតិតិចតួចបំផុត។
របាយការណ៍នោះបានឲ្យដឹងថា៖ «ប្រទេសរុស្ស៊ីផ្តល់អាទិភាពដល់តំបន់នេះ ហើយនឹងបង្ហាញពីភាពរឹងមាំតាមរយៈសកម្មភាពលុកលុយ និងការគំរាមកំហែង ដែលនឹងធ្វើឲ្យមានហានិភ័យនៃការកើនឡើងខ្ពស់ជាងការមើលឃើញពីមុន នៅក្នុងតំបន់អាកទិក»។
គេរំពឹងថា ប្រទេសរុស្ស៊ីនឹងផ្តល់ការធានាដ៏ស្ទាក់ស្ទើរដល់ប្រទេសចិន ក្នុងការមានលទ្ធភាពចូលទៅកាន់តំបន់អាក់ទិកកាន់តែធំជាងមុន។ តែរបាយការណ៍បានបង្ហាញថា ផ្ទុយទៅវិញ ចិនទំនងជានឹងប្រើប្រាស់សិទ្ធិចូលទៅនេះ ដើម្បីពង្រឹងតួនាទីរបស់ខ្លួន នៅតំបន់នេះ និងពន្លឿនផែនការរបស់ខ្លួន ក្នុងការបង្កើតវត្តមានយោធា។
គួរបញ្ជាក់ថា តំបន់អាកទិកមានសារៈសំខាន់ជាយុទ្ធសាស្ត្រផ្នែកយោធាយ៉ាងធំធេង ក្នុងនាមជាតំបន់ដាក់ពង្រាយ សម្រាប់នាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរដែលអាចលាក់ខ្លួននៅក្រោមទឹកកក ហើយក្នុងករណីមានជម្លោះ អាចវាយប្រហារភាគច្រើនលើតំបន់អាមេរិកខាងជើង អឺរ៉ុប និងរុស្ស៊ី៕



