សហរដ្ឋអាមេរិក ដែលចូលរួមដោយអ្នកសម្រុះសម្រួលអារ៉ាប់ នៅថ្ងៃពុធ (ទី១៨ ខែធ្នូ) នេះ បានប្រឹងប្រែងបញ្ចប់ឲ្យបាននូវកិច្ចព្រមព្រៀង រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីពន្លត់ភ្លើងសង្រ្គាមរយៈពេល ១៤ខែ នៅតំបន់ហ្កាហ្សាស្ទ្រីប ជាទីដែលក្រុមគ្រូពេទ្យបឋមសង្គ្រោះ បានប្រាប់ឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលថ្មីៗ ពេញមួយយប់ បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៦នាក់។
ប្រភពស្និទ្ធនឹងកិច្ចចរចា នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប បាននិយាយថា កិច្ចព្រមព្រៀង អាចត្រូវបានចុះហត្ថលេខា នៅប៉ុន្មានថ្ងៃខាងមុខ ស្តីពីបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួន នៅតំបន់ហ្កាហ្សា ជាថ្នូរនឹងការផ្ដល់សេរីភាពដល់អ្នកទោសប៉ាឡេស្ទីនដែលត្រូវបានឃុំដោយអ៊ីស្រាអែល។
ក្រុមគ្រូពេទ្យបឋមសង្គ្រោះ បានប្រាប់ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ ក្នុងផ្ទះមួយខ្នង នៅភាគខាងជើងនៃទីក្រុង Beit Lahiya ជាកន្លែងដែលកម្លាំងកងទ័ព បានធ្វើប្រតិបត្តិការចាប់តាំងពីខែតុលាមក ខណៈដែលមនុស្ស ៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដាច់ដោយឡែកមួយទៀត នៅក្នុងទីក្រុងហ្កាហ្សា ជំរុំ Nuseirat នៅភាគកណ្តាលទីក្រុងហ្កាហ្សា និង Rafah ក្បែរព្រំដែនជាមួយប្រទេសអេហ្ស៊ីប។
គួរបញ្ជាក់ថា មន្ត្រីអាមេរិកដែលចូលរួមដោយអ្នកសម្រុះសម្រួលមកពីអេហ្ស៊ីប និងកាតា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីពន្លឿនកិច្ចចរចា មុនប្រធានាធិបតីអាមេរិក លោក Joe Biden ចាកចេញពីតំណែង ក្នុងខែមករា។
នៅថ្ងៃទី១៨ ខែធ្នូនេះ មន្ត្រីប៉ាឡេស្ទីនដែលស្និទ្ធនឹងដំណើរការចរចានេះ បានបង្ហើបឲ្យដឹងថា អ្នកសម្រុះសម្រួល បានធ្វើឲ្យគម្លាតមានកាន់តែតិចទៅៗ សម្រាប់លក្ខន្តិកនៃកិច្ចព្រមព្រៀងនេះ ប៉ុន្តែអ៊ីស្រាអែល បានដាក់ចេញនូវលក្ខខណ្ឌដែលក្រុមហាម៉ាសបានបដិសេធ៕



